[បរទេស] កាលពីពេលថ្មីៗនេះ ប្រទះឃើញរថយន្ត Hyundai Staria ប្រភេទ Minivan ដែលត្រូវបានជឿជាក់ថា ជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ EV កំពុងចតនៅចំណតរថយន្ត នៅប្រទេសកូរ៉េខាងត្បូង ។
តាមរូបភាពបានបង្ហាញពីរូបរាងផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត Staria ប្រើម៉ាស៊ីនចំហេះក្នុង ដោយប្រើប្រាស់នៅប៉ាណាមុបិទជិត ក៏ដូចជារន្ធខ្យល់រាងជាសំណាញ់តូចមួយនៅចំកណ្តាលកាង ជាប់ជាមួយរន្ធសាកថ្ម ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ។
Hyundai Staria រំពឹងអាចបំពាក់ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយជំនាន់ទី ៤ ដូចគ្នាទៅនឹងម៉ូដែល Ioniq 5 N, Ioniq 5 និង Kia EV6។ លើសពីនេះទៅទៀត ក៏អាចភ្ជាប់មកជាមួយប្រព័ន្ធ 800V architecture របស់ LCVs គាំទ្រការសាកថ្មល្បឿនលឿន និងមុខងារផ្ទេរថាមពល V2L។
គួរបញ្ជាក់ផងដែរថា Hyundai Staria ប្រភេទអគ្គិសនីសុទ្ធនេះ គ្រោងនឹងចូលផលិតកម្មជាផ្លូវការនៅដើមឆ្នាំ ២០២៦ ៕