[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Mitsubishi Triton ស៊េរីឆ្នាំ ២០២៤ មាន ៨ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ២០ ៤០០ ដុល្លារ ដល់ ៣០ ០០០ ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ ។
Mitsubishi Triton ស៊េរីឆ្នាំ ២០២៤ នេះស្ថិតនៅក្នុងជំនាន់ទី ៦ ត្រូវបានរចនាឡើងវិញថ្មីទាំងស្រុងជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ ដោយផលិតនៅលើគ្រោងឆ្អឹងថ្មី Mega Frame Platform ឬ Ladder-frame ដោយមានប្រវែងតួខ្លួនសរុប ៥ ៣២០ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៧៩៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៣០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២២ ម.ម ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺនៅតែប្រើប្រាស់ភាសារចនា Dynamic Shield ប៉ាណារាងជាសំណាញ់ ជាប់សងខាងដោយសំណុំចង្កៀងប្រភេទ LED ប្រើប្រាស់នៅថាសកង់ទំហំចាប់ពី ១៦-១៨ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀង LED រាងជាអក្សរ T និងឃ្លុបក្រោយមានប្រវែង ៨២០ ម.ម ។
ចំណែកប្រព័ន្ធជើងគឺត្រូវបានរក្សារបាននូវដដែលដោយនៅផ្នែកខាងមុខជាប្រភេទស្លាបប្រជាវឌុប Double Wishborn និងខាងក្រោយជាប្រភេទចន្ទាសដែលមានកម្រាសក្រាសជាងមុន ជួយអោយការដឹកបានកាន់តែច្រើន។
ចំពោះ នៅផ្នែកខាងក្នុងត្រូវបានរចនាឡើងក្រោមគោលគំនិតនៃ Horizontal Axis ដែលបានតុបតែងដោយសម្ភារៈមានគុណភាពខ្ពស់ ហើយផ្នែកជាច្រើនត្រូវបានតុបតែងដោយក្រូម៉េ ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លក្ខណ:ពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែរ កៅអីស្រោបដោយស្បែក អាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ, ឧបករណ៍បំពងសំឡេង ៦ ចំនុច និងជាពិសេសទទួលបាននូវប្រព័ន្ធ Active Stability & Traction Control ដែលជួយដល់ការរក្សាលំនឹងនៅផ្លូវកោងផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់ទទួលបាន ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ ស៊ីឡាំងចំនួន ៣ជម្រើសដោយមាន
- មានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ
- មានកម្លាំង ១៨១ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ
- មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ
ដោយម៉ាស៊ីនទាំង ៣ជម្រើសនេះនឹងភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ដែលអាចធ្វើការចាក់សោប៉ុង និងរបៀបបើកបរ Super Sepect 4WD-ll ចំនួន ៤ រួមមាន 2H, 4H, 4HLc និង 4LLc ៕