
អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមច្បាប់ និងផ្លាកសញ្ញាកំណត់ល្បឿន ហើយជាមួយគ្នានេះ អ្នកបើកបរត្រូវគ្រប់គ្រងលើល្បឿនបើកបររបស់ខ្លួនជានិច្ច ពោលគឺបើកក្នុងល្បឿនតាមស្ថានភាពផ្លូវជាក់ស្តែង ដើម្បីអាចបញ្ឈប់យានជំនិះទាន់ពេល។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ចែងថា អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីដូចខាងក្រោមនេះ៖
១. ពេលជៀសគ្នានៅលើផ្លូវចង្អៀត។
២. ពេលជៀសរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬរថយន្តដឹកជញ្ជូនកុមារ ដែលកំពុងឈប់ដាក់អ្នកដំណើរឬកុមារឡើងចុះ។
៣. ពេលទៅជិតដល់ស្ពាន ឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។
៤. ពេលអាកាសធាតុមិនល្អដែលមិនអាចមើលឃើញបានឆ្ងាយ និងច្បាស់។
៥. ពេលប្តូរទិសចរាចរណ៍។
៦. កន្លែងផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល។

៧. ពេលជិតដល់ទួលខ្ពស់ ឬពេលចុះចុះចំណោត។
៨. ពេលជៀស ឬជែងក្បួនយានកំពុងឈប់ ឬនៅពេលជៀស ឬជែងក្បួនដង្ហែផ្សេងៗ។
៩. ពេលមានវត្ថុជាឧបសគ្គ ឬមានផ្ទះច្រើនកៀកជាប់ទ្រូងផ្លូវ។
១០. ក្នុងគ្រប់ករណីដែលមានផ្លាកសញ្ញាឲ្យបន្ថយល្បឿន ឬសញ្ញសគ្រោះថ្នាក់។
១១. កាលណាមានយានយន្តរបស់នគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ មានបន្លឺសូរសព្ទ ឬភ្លើងសញ្ញា ឬយានយន្តផ្សេងទៀតដែលមានបន្លឺសូរសព្ទ ឬភ្លើងសញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកបរអែបទៅខាងស្តាំ បើចាំបាច់នៅកៀនបំផុតដែលអាចធ្វើទៅបាន ដើម្បីសម្រួលផ្លូវឲ្យយានយន្តទាំងនេះធ្វើដំណើរទៅមុខដោយសុវត្ថិភាព។
១២. កន្លែងមានសាលារៀន មន្ទីរពេទ្យដែលមានទីតាំងស្ថិតនៅក្បែរផ្លូវ មិនលើសពី ៥០ម៉ែត្រ៕



















