ក្នុងចំណោមឡានថ្មីដែលលក់ដាច់ ៥គ្រឿងនៅអឺរ៉ុប មានឡានអគ្គិសនី១គ្រឿង

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តមួយក្នុងចំណោមរថយន្តចំនួន ៥គ្រឿង ដែលត្រូវបានលក់នៅក្នុងតំបន់អឺរ៉ុប នាត្រីមាសទី៣ ឆ្នាំ២០២១ នេះ គឺជារថយន្តអគ្គិសនី ខណៈដែលការលក់នៃរថយន្តអគ្គិសនីបន្តកើនឡើង ស្របពេលដែលរថយន្តដែលប្រើប្រេងឥន្ធនៈបានធ្លាក់ចុះ។

សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប European Automobile Manufacturers’ Association ឬហៅកាត់ថា ACEA ដែលតំណាងឲ្យក្រុមហ៊ុនផលិតរថយន្ត, រថយន្តដឹកទំនិញ, រថយន្តវ៉ែន និងរថយន្តក្រុងធំៗនៅអឺរ៉ុប បាននិយាយថា ការលក់រថយន្តអគ្គិសនី និង Plug-in Hybrid នៅទូទាំងសហភាពអឺរ៉ុប មានចំនួន ១៩ភាគរយនៃការលក់ទាំងអស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការលក់រថយន្តអគ្គិសនីបានកើនឡើងជិត ៥៧ភាគរយ ដល់ជាង ២១២ ០០០ គ្រឿង ខណៈដែលរថយន្ត Plug-in Hybrid បានកើនឡើងជិត ៤៣ ភាគរយ ដល់ជាង ១៩៧ ០០០ គ្រឿង។

គួររំលឹកឲ្យដឹងដែរថា កាលពីជាង ១០ឆ្នាំមុន រថយន្តម៉ាស៊ូតរួមចំណែកច្រើនជាង ៥០ ភាគរយនៃការលក់សរុបនៅអឺរ៉ុប ប៉ុន្តែមានចំនួនតិចជាង ១៨ ភាគរយ គិតក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម