
ថ្វីត្បិតតែបច្ចុប្បន្ន រថយន្តអគ្គិសនីសុទ្ធកំពុងមានកំណើនប្រើប្រាស់ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានទេថា វាជាអ្នកចូលមកបញ្ចប់ជីវិតរថយន្តចំហេះក្នុងនោះឡើយ ព្រោះបណ្តាក្រុមហ៊ុនធំៗជាច្រើន ជាពិសេសនៅអាមេរិកបានងាកចេញពីរថយន្តអគ្គិសនី មករថយន្តចំហេះក្នុងដដែល ដោយបំពាក់បច្ចេកវិទ្យាថ្មី បន្ទាប់ពីរដ្ឋបាល ដូណាល់ ត្រាំ បានកែប្រែគោលនយោបាយលើឧស្សាហកម្មរថយន្ត។
លោក Paul Thomas ប្រធានក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្តធំបំផុតក្នុងពិភពលោក ប្រចាំនៅអាមេរិកខាងជើង បានថ្លែងក្នុងពិព័រណ៍បច្ចេកវិទ្យា CES ថ្មីៗនេះថា រថយន្តប្រហែល ៧០% ដែលបានលក់នៅក្នុងទីផ្សារអាមេរិកខាងជើងត្រឹមឆ្នាំ២០៣៥ គឺនឹងជារថយន្តម៉ាស៊ីនចំហេះក្នុងដដែល ខណៈរថយន្តអគ្គិសនីសុទ្ធ មានចំណែកត្រឹម ៣០% ប៉ុណ្ណោះ។

លោកបញ្ជាក់ថា រថយន្តចំហេះក្នុងដែលនៅបន្តមានវត្តមានក្នុងទីផ្សារនោះ ពុំមែនជាម៉ាស៊ីនបែបបុរាណទេ ប៉ុន្តែវាជាម៉ាស៊ីនចំហេះក្នុង ដែលរួមបញ្ចូលជាមួយបច្ចេកវិទ្យាថ្មី ដូចជា Hybrid, PHEV ឬ EREV ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Bosch នៅតែបន្តផ្តោតទៅលើការផលិតគ្រឿងបង្គុំសម្រាប់រថយន្តទាំងម៉ាស៊ីនចំហេះក្នុង និងអគ្គិសនីសុទ្ធ ហើយបន្ថែមការវិនិយោគ និងអភិវឌ្ឍបច្ចេកវិទ្យាម៉ាស៊ីនចំហេះក្នុង ឲ្យកាន់តែល្អប្រសើរថែមទៀត។

គួរដឹងដែរថា ក្រុមហ៊ុន Toyota ប្រចាំនៅអាមេរិកខាងជើង ក៏បានប្រកាសដាក់ទុនជិត ១ពាន់លានដុល្លារ ដើម្បីជំរុញផលិតកម្ម Hybrid ផងដែរ ដែលរួមមានទាំងរថយន្ត ម៉ាស៊ីន និងគ្រឿងបង្គុំ នៅឆ្នាំ២០២៧។ ការលក់រថយន្តរបស់ Toyota ក្នុងឆ្នាំ២០២៥ នៅអាមេរិកខាងជើង មានចំនួនជាង ២,៥លានគ្រឿង បានកើនឡើង ៨% ដែលចូលរួមចំណែកភាគច្រើនគឺសុទ្ធតែជាប្រភេទរថយន្ត Hybrid៕





















