ក្រុមហ៊ុនចិនដ៏ធំ១ ប្រកាសយក​កម្ពុជា ជាទីតាំង​ផលិតសំបកកង់រថយន្ត ចែកចាយទៅកាន់ពិភពលោក

ក្រុមហ៊ុន Guangzhou Industrial Investment Holding Group (GIIHG) បាន​ប្រកាស​សម្រេច​ចិត្តយកប្រទេសកម្ពុជា ជាកន្លែងពង្រីកច្រវាក់​ផលិតកម្មនៅតំបន់អាស៊ាន ដើម្បីផលិតសំបកកង់រថយន្ត ការផ្គត់ផ្គង់ និងផ្តល់សេវាផ្សេងៗ​ទៀត ទៅកាន់ពិភពលោក។

លោក JING QUANGJUN ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន GIIHG បាន​និយាយថា រោងចក្រ​នៅកម្ពុជា គឺជាតំណភ្ជាប់​ដ៏សំខាន់​មួយក្នុងការកសាង​បណ្តាញដ៏រឹងមាំ និងការអនុវត្តថ្មីមួយ សម្រាប់​ការបង្កើនសមត្ថភាព​ប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុន។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសម្ពោធ​រោងចក្រផលិតសំបកកង់របស់ក្រុមហ៊ុន Wanli Tire ដែលជាបុត្រសម្ព័ន្ធមួយរបស់ GIIHG ជាមួយទុនវិនិយោគជិត ៣០០លានដុល្លារ នៅតំបន់​សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក​បញ្ជាក់ដូច្នេះថា៖ «នាពេលអនាគត​ យើងនឹងយករោងចក្រ​នេះ​ជាចំណុចស្នូលដើម្បីពន្លឿនយុទ្ធសាស្រ្តឈរជើង​នៅអាស៊ានពង្រីកឥទ្ធិពលទៅកាន់ទីផ្សារពិភពលោក និងលើកកម្ពស់​ខ្សែច្រវាក់ផ្គត់ផ្គង់​ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្ម ការលក់ សេវាកម្ម ការបម្រើ​ទីផ្សារឲ្យកាន់តែល្អប្រសើរ​នៅក្នុងប្រទេស និងតំបន់ជាង ១៦០ នៅទូទាំងពិភពលោក»។

គួរដឹងថា ក្រុមហ៊ុន Wanli Tire បានសម្រេចចិត្តយកកម្ពុជា ជាទីតាំងក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុន ដែលបង្កើតរោងចក្រពង្រីកច្រវាក់ផលិតកម្ម។ រោងចក្រ​នេះ ប្រើបច្ចេកវិទ្យាខ្ពស់ ដែលសុទ្ធសឹងជាប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ក្នុងដំណាក់កាលដំបូង រោងចក្រនេះ​អាចផលិតសំបកកង់បាន ៦លានសំបកក្នុង១ឆ្នាំ ហើយអាចឈានដល់ប្រហែល ១២លានសំបក​ក្នុង១ឆ្នាំ នៅត្រឹមចុងឆ្នាំ២០២៦នេះ។

ការដំណើរការនៃរោងចក្រនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមាន៖

១. ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ

២. ការជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា

៣. ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់

៤. កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។

យោងតាម​របាយការណ៍របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ កម្ពុជាបានសម្រេច​ការនាំចេញ​សំបកកង់រថយន្ត ក្នុងទំហំទឹកប្រាក់ ១២១៩លានដុល្លារ កើនឡើង ៥៧,៨៨% បើធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម