[ទីផ្សារបរទេស] កាលពីដើមឆ្នាំ ក្រុមហ៊ុន Aston Martin Lagonda បានច្រានចោលសំណើរទិញភាគហ៊ុនពីក្រុមហ៊ុនរថយន្តចិន Geely ដោយពេលនោះបានប្រាប់ហេតុផលថាសំណើរនេះមិនមែនជាជម្រើសដ៏ទាក់ទាញ ឬផ្ដល់តម្លៃខ្ពស់ដល់ម្ចាស់ភាគហ៊ុននោះទេ។
យ៉ាងណាក្ដី ពេលនេះក្រុមហ៊ុន Geely បានចេញសេចក្ដីប្រកាសឲ្យដឹងថាខ្លួនបានសម្រេចកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុនជាមួយ Aston Martin Lagonda ហើយ។ ក្រុមហ៊ុនធំរបស់ចិននេះ បានសម្រេចការទិញយកភាគហ៊ុនរបស់ Aston Martin ចំនួន ៧,៦% ដោយមិនបានបញ្ជាក់ពីតម្លៃ។
ក្រោយការទិញនេះ Geely នឹងចូលរួមជាមួយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីតដែលមានភាគហ៊ុន ១៦,៧% និងសម្ព័ន្ធ Yew Tree មានភាគហ៊ុន ១៨,៣% រួមជាមួយ Mercedes ដែលមានចំណែកភាគហ៊ុន ៩,៧%។
ក្រុមហ៊ុន Geely បានគ្រប់គ្រងម៉ាករថយន្តជាច្រើនរួមមាន Volvo, Lotus, Polestar, Proton និង London Electric Vehicle Company (LEVC) រួមទាំងម៉ាករថយន្តថ្មីដូចជា Lynk & Co, Zeekr និង Geometry ផងដែរ៕