
ក្រុមហ៊ុន Xiaomi បានទិញដីឧស្សាហកម្មមួយកន្លែងនៅតំបន់ Yizhuang New Town ក្រុងប៉េកាំង ក្នុងតម្លៃប្រហែល ៦៣៥ លានយន់ ស្មើប្រមាណ ៨៧.៥ លានដុល្លារ នេះបើយោងតាមការបង្ហាញព័ត៌មានពីគណៈកម្មការផែនការ និងធនធានធម្មជាតិក្រុងប៉េកាំង។ ដីនេះត្រូវបានទិញដោយក្រុមហ៊ុន Xiaomi Jingxi Technology Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយ Xiaomi Smart Technology។
ទីតាំងស្ថិតនៅក្នុងប្លុក YZ00-0606 មានផ្ទៃដីសរុប ៤៨៥,១០០ ម៉ែត្រការ៉េ ហើយត្រូវបានកំណត់សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ជាមួយនឹងកិច្ចសន្យាជួលរយៈពេល ៥០ឆ្នាំ។ ដីមួយកន្លែនេះក្រមហ៊ុនគ្រោងនឹងសាងសង់រោងចក្រផលិត យានយន្តអគ្គិសនីថ្មី (NEVs) និងគ្រឿងបន្លាស់ពាក់ព័ន្ធរថយន្ដអគ្គិសនី។ អ្នកសង្កេតការណ៍បានប៉ាន់ស្មានថា នេះអាចជាដំណាក់កាលទីបីនៃកិច្ចខិតខំប្រឹងប្រែងផលិតយានយន្តរបស់ក្រុមហ៊ុន Xiaomi។
ដោយឡែកចំពោះផ្នែកអាជីវកម្មរថយន្តរបស់ក្រុមហ៊ុន Xiaomi បានពង្រីកប្រតិបត្តិការរបស់ខ្លួនដោយបង្កើតក្រុមហ៊ុនថ្មីមួយនៅទីក្រុងសៀងហៃ។ ក្រុមហ៊ុន Xiaomi បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងសៀងហៃ ជាមួយនឹងដើមទុនចុះបញ្ជី ១លានយន់ ស្មើនិងប្រមាណ ១៣៧ ០០០ ដុល្លារ។
ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយ Xiaomi ដែលបង្ហាញពីការបន្តនូវវិធីសាស្រ្តរបស់ Xiaomi ក្នុងការអភិវឌ្ឍន៍អាជីវកម្មពាក់ព័ន្ធនឹងរថយន្ត និងសេវាកម្មផ្សេងៗ។ ការបង្កើតក្រុមហ៊ុនថ្មីរបស់ Xiaomi នេះធ្វើឡើងបន្ទាប់ពីជំហានដំបូងៗដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងវិស័យពាក់ព័ន្ធនឹងរថយន្ត ក្រៅពីការផលិត។
ការអភិវឌ្ឍន៍ថ្មីៗរបស់ក្រុមហ៊ុន Xiaomi នៅទីក្រុងប៉េកាំង និងសៀងហៃ ឆ្លុះបញ្ចាំងពីសកម្មភាពបន្តនៃវិស័យ យានយន្តអគ្គិសនីថ្មី (NEV) និង ការចល័តឆ្លាតវៃ។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររថយន្តរបស់ខ្លួននៅប្រទេសចិន ក្រុមហ៊ុនបន្តចូលរួមទាំងគម្រោងផ្តោតលើការផលិត និងផ្នែកអាជីវកម្មទាក់ទងនឹងសេវាកម្ម។
នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសនៅលើ Weibo ថា រថយន្តបន្ទាប់របស់ក្រុមហ៊ុនគឺ Xiaomi YU7 នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅចុងខែមិថុនា។ ការត្រៀមលក្ខណៈសម្រាប់ការផលិតទ្រង់ទ្រាយធំត្រូវបានរាយការណ៍ថា កំពុងដំណើរការ ដោយរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូននៅខែកក្កដា៕