ក្រុមហ៊ុនថ្មីរបស់អ៉ីតាលីបញ្ចេញរថយន្ដ Hypercar ២ម៉ូឌែលបំពាក់មកជាមួយម៉ាសុីន V12

ក្រុមហ៊ុនថ្មីរបស់ប្រទេសអ៉ីតាលីមួយឈ្មោះ Giamaro Automobili បានធ្វើការដាក់បង្ហាញរថយន្ដ Hypercar ២ម៉ូឌែលដែលមានឈ្មោះថា Katla និង Albor។ រថយន្ត Katla គឺជា hypercar ដែលផ្តោតលើការបើកបរក្នុងទីលានប្រណាំង ខណៈម៉ូឌែល Albor ជាប្រភេទរថយន្តបំផុសគំនិតរចនាតាមរថយន្ដប្រណាំងបែប Rally ។



រថយន្តទាំងពីរម៉ូឌែលនេះដំណើរការដោយម៉ាស៊ីន V12 ទំហំ ៧.០ លីត្រ ជាមួយនឹង Turbocharger ចំនួនបួន។ ចំពោះរថយន្ដ Katla មានសមត្ថភាពអាចផលិតបាន ១ ៦៤៧សេះ កម្លាំងរមួល ១ ៥៥៦ញ៉ូតុនម៉ែត្រ ក្នុងនោះក៏មានជម្រើសពិសេស អាចផលិតកម្លាំងដល់ ២ ១២៧សេះ កម្លាំងរមួល ២ ០០៨ញ៉ូតុនម៉ែត្រ។ ជារឿងស្ទើរមិនគួរជឿថារថយន្ដ Katla មានសមត្ថភាពខ្លាំងជាងរថយន្ត Bugatti Tourbillon ទៅទៀត។

ចំពោះរថយន្ត Albor ជាប្រភេទរថយន្ត hypercar ដ៏រឹងមាំមួយ ទទួលបានការបំផុសគំនិតពីរថយន្ត Lamborghini Huracan Sterrato។ រថយន្ដនេះរចនាមកមានកម្ពស់ខ្ពស់ និងបំពាក់ដោយគែបកង់ (fender flares) ធ្វើពីសរសៃកាបូនដ៏ក្រាស់។ ក្រមហ៊ុន Giamaro កំពុងរក្សាព័ត៌មានលម្អិតជាការសម្ងាត់ពាក់ព័ន្ធជាមួយរថយន្ដ Albor ប៉ុន្តែពួកគេបានប្រាប់ថារថយន្តនេះត្រូវបានដាក់ឈ្មោះតាមភ្នំភ្លើង Albor Tholus នៅលើភពអង្គារ។ ពួកគេក៏បានបន្ថែមបង្ហាញផងដែរថា រថយន្ដម៉ូឌែលនេះប្រើប្រាស់ គ្រោងឆ្អឹង Monocoque និងបំពាក់មកម៉ាស៊ីនដូចទៅនឹងរថយន្ត Katla ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរសម្រាប់ក្រុមហ៊ុន Giamaro Automobili គឺជាក្រុមហ៊ុនផលិតរថយន្ត hypercar របស់អ៉ីតាលីដែលទើបបង្កើតថ្មីមួយ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយលោក Giacomo និង Pierfrancesco Commendatore។ រថយន្ដដំបូងរបស់ពួកគេគឺម៉ូឌែល Katla និង Albor ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម