ក្រុមហ៊ុនរថយន្ត Peugeot បានឲ្យតម្រុយអំពីការឈានជើងចូលទីផ្សាររថយន្តភីកអាប់រយៈប៉ុន្មានឆ្នាំមកហើយ ដែលពេលនេះក្រុមហ៊ុនសម្រេចចិត្តបង្ហាញរថយន្តភីកអាប់របស់ខ្លួនជាផ្លូវការ។
វាជាម៉ូដែល Landtrek ដែលនឹងចេញលក់មុនគេនៅអាមេរិកឡាទីន និងអាហ្វ្រិក មុននឹងចេញលក់លើទីផ្សារផ្សេងទៀត។ រថយន្តនេះមានជាប្រភេទមួយបាំង និងពីរបាំង ដែលអាចអូសសណ្ដោងដល់ ១ តោន និង ១,២ តោនសម្រាប់ប្រភេទខ្លះ។
រថយន្តនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូត ១,៩ លីត្រ ឬម៉ាស៊ីនសាំង ២,៤ លីត្រ ប្រភេទ Turbocharged។ ម៉ាស៊ីនម៉ាស៊ូតអាចបង្កើតកម្លាំងបាន ១៤៨ សេះ ភ្ជាប់នឹងប្រអប់លេខដៃ ៦ វគ្គ ដែលមានកម្រិតស៊ីប្រេង ៧,៨ លីត្រ/១០០ គ.ម។
ចំណែកម៉ាស៊ីនសាំងបង្កើតកម្លាំងបាន ២០៧ សេះ អាចភ្ជាប់នឹងប្រអប់លេខដៃ ៦ វគ្គ ឬប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ។ ចំពោះកម្រិតស៊ីប្រេងមិនទាន់បានបង្ហាញនោះទេ។ វាទាំងពីរមានជម្រើសប្រព័ន្ធបើកបរប៉ុងមួយ និងប្រព័ន្ធបើកបរប៉ុងពីរផងដែរ៕