ក្រុមហ៊ុន FAW Group របស់ប្រទេសចិន គ្រោងនឹងចាប់ផ្តើមលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសជប៉ុននៅឆ្នាំក្រោយ ហើយនឹងកំពុងធ្វើការរៀបចំខ្លួនឲ្យក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏សំខាន់មួយនៅក្នុងទីផ្សារក្នុងស្រុក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកត់សំគាល់ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនមិនបានវិវឌ្ឍន៍លឿនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីទេ ហើយថា FAW នឹងប្រើវាជាឱកាសដើម្បីពង្រីកខ្លួន។ ម៉ូដែលដំបូងដែល FAW នឹងលក់នៅក្នុងប្រទេសជប៉ុននឹងក្លាយជារថយន្តប្រភេទ SUV កូនកាត់ក្រោមម៉ាក Hongqi ហើយនឹងត្រូវបានបន្តដោយម៉ូឌែលប្រភេទអគ្គិសនី។
Nikkei Asia មិនបានរាយការណ៍ថា តើរថយន្តទាំងនេះនឹងក្លាយជាម៉ូដែលថ្មីសម្រាប់ទីផ្សារប្រទេសជប៉ុនទេ ប៉ុន្តែសន្មតថាវាទំនងជា HS5, HS7 ឬ E-HS9 ដែលមានស្រាប់។ ខណៈពេលគេបង្ហាញថា វាមានតម្លៃចាប់ពី ១១លានយ៉េន (៩៦ ៧០០ ដុល្លារ) មុនពេលបង់ពន្ធ និងមានសម្ថតភាពបើកបររហូតដល់ ៦៩០ គីឡូម៉ែត្រ (៤២៩ ម៉ាយ) ដែលវាទំនងជា E-HS9 ដែលជាប្រភេទ SUV ដ៏ប្រណិត។
បន្ថែមពីនេះ ក្រុមហ៊ុនផលិតរថយន្តចិននេះ នឹងធ្វើការបើកហាងចែកចាយក្នុងប្រទេសជប៉ុនរបស់ខ្លួន នៅស្ថានីយ៍ JR Namba ក្នុងទីក្រុង Osaka ហើយក៏នឹងបើកហាងមួយនៅទីក្រុងតូក្យូនៅឆ្នាំក្រោយ ហើយគ្រោងនឹងពង្រីកទៅកាន់ទីក្រុងផ្សេងទៀតផងដែរ។
ជាមួយគ្នានេះដែរ ក៏មានក្រុមហ៊ុនមួយចំនួនផ្សេងទៀតកំពុងបោះទុនចូលទីផ្សារជប៉ុន ជាឧទាហរណ៍ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តចិន BYD បានចាប់ផ្តើមលក់រថយន្តអគ្គិសនី នៅក្នុងប្រទេសជប៉ុន ហើយកំពុងពិចារណាចាប់ផ្តើមផ្នែកថ្មីនៅក្នុងប្រទេសនេះផងដែរ៕