ក្រុមហ៊ុនផលិតរថយន្តចិន Hongqi នឹងផលិតរថយន្តអគ្គិសនីទំនើប ប្រជែងក្រុមហ៊ុនដទៃទៀត

ក្រុមហ៊ុន FAW Group ដែលជាក្រុមហ៊ុនមេរបស់ Hongqi (Hong Ky) ទើបតែបានប្រកាសពីភាពជាដៃគូជាមួយ Silk EV ដែលជាក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី។ ការបណ្តាក់ទុនរួមគ្នាថ្មីរវាង FAW Group និង Silk EVត្រូវបានគេដាក់ឈ្មោះថា Silk-FAW ដែលនឹងដើរតួក្នុងការផលិតរថយន្តអគ្គីសនីទំនើបៗ ព្រមទាំងបណ្តាក់ទុនរួមគ្នានូវចំនួនទឹកប្រាក់រហូតដល់ ១,២លានដុល្លារ។

លើសពីនេះ អ្នកដែលទទួលបន្ទុកផ្នែកឌីហ្សាញសម្រាប់ម៉ូដែលនាពេលអនាគតទាំងអស់នៃម៉ូឌែលត្រកូល Hongqi S គឺលោក Walter de Silva ដែលជាអ្នករចនារថយន្តដ៏ល្បីល្បាញជនជាតិអ៊ីតាលី ដែលធ្លាប់បានឌីស្សាញរថយន្ត Audi A5, Audi R8 និង Volkswagen Scirocco បន្ថែមពីនេះ Walter de Silva ក៏ត្រូវបានតែងតាំងជាអនុប្រធាន ផ្នែកឌីហ្សាញនៅ Silk-FAWផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូឌែលដំបូងដែលត្រូវសិក្សាស្រាវជ្រាវ និងផលិតដោយ Silk-FAW គឺ Hongqi S9 ។ ដោយគំរូរបស់រថយន្ត S9 ត្រូវបានបង្ហាញដំបូងគេ នៅឯពិព័រណ៍រថយន្ត Frankfurt Motor Show ឆ្នាំ២០១៩ ហើយម៉ូដែល S9 ប្រភេទប្រើម៉ាស៊ីន Hybrid ត្រូវបានបង្ហាញនៅក្នុងពិព័រណ៍រថយន្តទីក្រុងប៉េកាំងឆ្នាំ ២០២០ ។

ការរចនា និងការផលិតរថយន្ត Hongqi S9 នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ Silk EV ដែលមានទីតាំងនៅ Bologna ប្រទេសអ៊ីតាលី ហើយនាពេលអនាគត Silk-FAW គ្រោងនឹងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវខ្នាតធំ និងរោងចក្រផលិតនៅ Changchun ប្រទេសចិន។

ព័ត៌មានជាក់លាក់បន្ថែមទៀត អំពីលក្ខណ:របស់ Hongqi S9 គឺពុំទាន់បានបញ្ចេញទេ ហើយរថយន្តអគ្គិសនីទំនើបនេះត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញខ្លួននៅចុងឆ្នាំនេះ និងបន្ទាប់ពី S9 ម៉ូដែលបន្ទាប់ដែលត្រូវសិក្សាស្រាវជ្រាវ និងផលិតអាចជា Hongqi S5 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម