ក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើននឹងកាត់បន្ថយការផលិតរថយន្តសរុបប្រមាណ ១,០៥ លានគ្រឿង ដោយសារកង្វះបន្ទះឈីប

យោងតាមរបាយការណ៍របស់ Nikkei Asia បានអោយដឹងថាក្រុមហ៊ុនផលិតរថយន្តជាច្រើនក្នុងប្រទេសជប៉ុនបានប្រកាសអំពីផែនការកាត់បន្ថយការផលិតរថយន្តជាងមួយលានគ្រឿងក្នុងឆ្នាំដ៏លំបាកនេះ ដែលវាបណ្តាលមកពីការកើនឡើងនៃការរីករាលដាលជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់បន្ទះឈីបពីក្រុមហ៊ុនធំៗ។

នៅថ្ងៃទី ១០ ខែកញ្ញាក្រុមហ៊ុន Toyota បាននិយាយថាខ្លួននឹងកែសម្រួលការព្យាករណ៍ផលិតកម្មពិភពលោករបស់ខ្លួនត្រឹម ៩ លានគ្រឿងជំនួសឱ្យ ៩,៣ លានគ្រឿងកាលពីមុន។ ក្នុងរយៈពេលខ្លីនេះនឹងឃើញថាចំនួនយានយន្តដែលផលិតបានថយចុះប្រហែល ៧ ម៉ឺនគ្រឿងនិង ៣៣ ម៉ឺនគ្រឿង (ក្រៅប្រទេស ១៨០ ០០០ គ្រឿងនិងជប៉ុន ១៥០ ០០០ គ្រឿង) សម្រាប់ខែតុលាបើប្រៀបធៀបទៅនឹងផែនការផលិតគិតត្រឹមខែសីហា។ Toyota ក៏បានបន្ថែមទៀតថា តម្រូវការនាពេលបច្ចុប្បន្ននៅតែច្រើន ប៉ុន្តែសម្រាប់ផលិតកម្មនៅខែវិច្ឆិកា និងខែបន្ទាប់នៅពុំទាន់ច្បាស់នៅឡើយនោះទេ ដោយកំពុងរៀបចំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯ Suzuki ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះបន្ទះឈីប ដោយបានកាត់បន្ថយការផលិតនៅត្រឹមចំនួន ៣៥០ ០០០ គ្រឿងដែលស្មើនឹង ១០% នៃការផលិតសរុបក្នុងឆ្នាំចុងក្រោយរបស់ខ្លួន។ ជាលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសដូចជាជប៉ុនថៃ និងហុងគ្រីនឹងត្រូវផ្អាកជាលទ្ធផល ខណៈឥណ្ឌាដែលជាទីផ្សារធំបំផុតមួយរបស់ខ្លួនត្រូវបានគេរំពឹងថានឹងដំណើរការបានប្រហែល ៤០% នៃចំនួនសរុបនៅក្នុងខែនេះ។

ទន្ទឹមនឹងនេះដែរ Nissan បាននិយាយរួចមកហើយថាខ្លួននឹងកាត់បន្ថយការផលិតរថយន្តនៅត្រឹមចំនួន ២៥០០០០ គ្រឿង Honda រំពឹងថានឹងលក់បានចំនួន ១៥០ ០០០ គ្រឿងដោយសារតែការកាត់បន្ថយការផលិត ខណៈពេលដែលក្រុមហ៊ុន Mazda, Mitsubishi និង Subaru បានប្រកាសពីការកាត់បន្ថយការផលិតរបស់ខ្លួន ដូច្នេះនៅទូទាំងក្រុមហ៊ុនផលិតរថយន្តជប៉ុនប្រមាណ ១,០៥ លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម