ក្រុមហ៊ុនអាហ្រ្វិកខាងត្បូងមួយឈ្មោះថា SVI Engineering ដែលជំនាញខាងផលិតរថយន្តពាសដែក បានប្រកាសថាពួកគេនឹងអភិវឌ្ឍន៍រថយន្ត Land Cruiser 300 Series ពាសដែកក្នុងរយៈពេល២ខែ។
រយៈពេលពីរខែអាចថាខ្លី ប៉ុន្តែក្រុមហ៊ុន SVI Engineering ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនជំនាញមួយ ដែលមានន័យថាពួកគេបានត្រៀមរួចរាល់ហើយសម្រាប់កិច្ចការនេះ។ ជាក់ស្ដែង ទម្ងន់ស្រាលជាងមុន និងតួខ្លួនធ្វើពីអាលុយមីញ៉ូមរបស់រថយន្ត Land Cruiser ជំនាន់ថ្មី នឹងធ្វើឲ្យកិច្ចការនេះកាន់តែងាយស្រួលជាងមុន។
ក្រុមហ៊ុន SVI នឹងចាប់ផ្ដើមដោយដកចេញគ្រឿងបរិក្ខារខាងក្នុងទាំងអស់ ទុកតែគ្រោងឆ្អឹង បន្ទាប់មកពួកគេនឹងប្រើប្រាស់នូវគ្រឿងបរិក្ខារទម្ងន់ស្រាលជំនួសវិញ ដើម្បីរក្សាទម្ងន់រថយន្តឲ្យស្រាល និងអាចផ្ដល់នូវសមត្ថភាពទប់ទល់ជាមួយនឹងគ្រាប់កាំភ្លើងបាន។
ក្រុមហ៊ុននឹងបន្ថែមអាវក្រោះការពារ ដែលមានបន្ថែមនូវកញ្ចក់ការងារគ្រាប់កម្រាស់ក្រាស់, បន្ទះដែកការពារគ្រាប់ និងវត្ថុធាតុការពារជាច្រើនទៀត។ SVI ប៉ាន់ស្មានថាវានឹងបន្ថែមទម្ងន់រថយន្តប្រមាណជិត ៦០០គីឡូក្រាមបន្ថែមទៀត ប៉ុន្តែម៉ាស៊ីនថ្មីរបស់ Land Cruiser នឹងមិនមានបញ្ហាទប់ទល់ទម្ងន់បន្ថែមនោះទេ។
តម្លៃនៃការកែច្នៃរថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ ទៅជារថយន្តដែលមានសមត្ថភាពពាសដែកនេះ អាចនឹងមានតម្លៃប្រមាណ ៦៣ ០០០ដុល្លារ ដោយមិនបូកបញ្ចូលតម្លៃរថយន្ត៕