[បរទេស] កាលពីថ្មីៗនេះ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុបបានបោះឆ្នោតដាក់ពន្ធនាំចូលលើរថយន្តអគ្គិសនីពីប្រទេសចិន ដល់ទៅ ៤៥% ដែលមានរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ តទៅ ។
ជាពិសេស អត្រាពន្ធដែលបានអនុវត្តចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនគឺ ១៧% សម្រាប់ BYD, ១៨,៨%, ៣៥,៣% សម្រាប់ Geely និង ២០,៧% សម្រាប់ SAIC ខណៈសម្រាប់ក្រុមហ៊ុន Tesla ដែលផលិតនៅក្នុងប្រទេសចិនអត្រាពន្ធត្រឹមតែ ៧,៨% ប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅប្រទេសអាល្លឺម៉ង់រួមមាន BMW, Mercedes និង Volkswagen បានបោះឆ្នោតប្រឆាំងនឹងការយកពន្ធនេះ ហើយថាវាជា “ជាជំហានដ៏ខុសធំមួយ” ។ បន្ថែមពីនេះ ក្រមហ៊ុនចង់ដោយស្វែងរកការរក្សាទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អជាមួយប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។
ក្នុងនោះ លោក Oliver Zipse នាយកប្រតិបត្តិនៃក្រុមហ៊ុន BMW បាននិយាយថា “ការបោះឆ្នោតគឺជាសញ្ញាដ៏គ្រោះថ្នាក់សម្រាប់ឧស្សាហកម្មរថយន្តនៅអឺរ៉ុប។ អ្វីដែលត្រូវការនៅពេលនេះ គឺជាដំណោះស្រាយរហ័សរវាងគណៈកម្មការអឺរ៉ុប និងប្រទេសចិន ដើម្បីទប់ស្កាត់ជម្លោះពាណិជ្ជកម្មដែលមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់” ៕