ត្បិតថាការប្រកាសអំពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនរថយន្ត FCA និង PSA ធ្វើឡើងកាលពីប៉ុន្មានសប្ដាហ៍មុនមែន ប៉ុន្តែទើបតែថ្ងៃនេះប៉ុណ្ណោះដែលមានការចុះហត្ថលេខាជាផ្លូវការ។
ក្រុមហ៊ុនរថយន្តទាំងពីរបានប្រកាសអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមបញ្ចូលគ្នា ដែលបង្កើតបានជាក្រុមហ៊ុនរថយន្តធំជាងគេលំដាប់ទី ៤ ក្នុងលោកគិតលើចំនួនលក់ និងធំលេខ ៣ បើគិតលើចំណូលដែលរកបាន។
ក្រុមហ៊ុនរថយន្តដែលទើបបង្កើតថ្មី និងមិនទាន់កំណត់ឈ្មោះនៅឡើយនោះ នឹងមានចំនួនលក់ចេញរថយន្តជាប្រចាំឆ្នាំខ្ទង់ ៨,៧ លានគ្រឿង និងប្រាក់ចំណូលមានជិតខ្ទង់ ១៧០ ពាន់លានអឺរ៉ូ (ប្រមាណ ១៨៩ ពាន់លានដុល្លារ)។ ចំណែកប្រាក់ចំណេញអាចនឹងមានខ្ទង់ជាង ១១ ពាន់លានអឺរ៉ូ (ប្រមាណ ១២ ពាន់លានដុល្លារ)។
ការរួមបញ្ចូលគ្នាជួយពង្រឹងទីផ្សាររបស់ក្រុមហ៊ុនរថយន្តថ្មីកាន់តែខ្លាំង។ ជាក់ស្ដែង FCA គឺខ្លាំងក្លានៅទឹកដីអាមេរិកខាងជើង និងអាមេរិកឡាទីន ចំណែក PSA ឈរជើងបានល្អលើទឹកដីអឺរ៉ុប៕