ក្រុមហ៊ុន​រថយន្ត​រុស្ស៊ី Lada ត្រៀម​នឹង​ដាក់បញ្ចេញ​រថយន្ត​ស៊េរី​ថ្មី​ជា​ច្រើន​ម៉ូដែលឡើងវិញ

[បរទេស] កាលពីថ្ងៃទី ៧​ ខែកញ្ញា លោក Maxim Sokolov នាយកប្រតិបត្តិនៃក្រុមហ៊ុន AvtoVAZ បាននិយាយថាក្រុមហ៊ុនអាចចាប់ផ្តើមដាក់បង្ហាញចេញរថយន្តស៊េរីថ្មីក្រោមម៉ាក Lada។ ខណៈ សំណើសម្រាប់ម៉ូដែលថ្មីអាចត្រូវបានបង្ហាញដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅចុងខែកញ្ញា។ ផែនការរបស់ក្រុមហ៊ុនគឺផលិតរថយន្តចំនួន ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដែលភាគច្រើនមកពីរោងចក្រនៅក្នុងប្រទេសរុស្ស៊ី។

លោកបានបន្ថែមថា “បន្ទាប់ពីក្រុមហ៊ុន Renault បានចាកចេញក្នុងខែឧសភា ក្រោយជាប់គាំងជាងពីរខែ។ ប៉ុន្តែយើងបានបង្កើនខ្សែសង្វាក់ផលិតកម្ម និងដឹកជញ្ជូនថ្មី និងការពារខ្សែសង្វាក់ផ្គត់ផ្គង់នៃសមាសធាតុសម្រាប់ផលិតម៉ូដែលស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងខែសីហាការលក់របស់ AvtoVAZ បានកើនឡើង ៧៥% បើប្រៀបធៀបទៅនឹងខែកក្កដា។ យោងតាមសមាគមធុរកិច្ចអ៊ឺរ៉ុបបានឱ្យដឹងថា ទីផ្សាររថយន្តរុស្ស៊ីក្នុងខែសីហាបានថយចុះ ៧៤,៩%  បើធៀបនឹងខែកក្កដា ហើយថយចុះ ៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ នេះបើយោងតាមសមាគមធុរកិច្ចអឺរ៉ុប (AEB) ។

ជាមួយគ្នាផងដែរ នៅក្នុងខែកក្កដា និងសីហា ដូចជាកាលពីប៉ុន្មានខែមុន រថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសរុស្ស៊ីគឺ Lada Granta ដែលជារថយន្តតូចមួយដែលមានតម្លៃចាប់ផ្តើម ១១ ០០០ ដុល្លារ។

សម្រាប់ក្រុមហ៊ុន Renault បានកាន់កាប់ចំណែកទីផ្សារភាគច្រើននៅក្នុងក្រុមហ៊ុន AvtoVAZ នៅចុងទសវត្សរ៍ឆ្នាំ ២០១០ ហើយបានវិនិយោគរាប់ពាន់លានអឺរ៉ូក្នុងការធ្វើទំនើបកម្មរោងចក្រនៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែនៅក្នុងខែឧសភា ក្រុមហ៊ុន Renault បានផ្ទេរទ្រព្យសម្បត្តិនៅក្នុងប្រទេសរុស្ស៊ីទៅឱ្យរដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចដោយសារការឈ្លានពាននៅអ៊ុយក្រែន។

គួរឲ្យដឹងថា ពីមុនក្រុមហ៊ុនរថយន្តបារាំងមានគម្រោងរួមបញ្ចូលគ្នានូវ Lada និង Dacia ដោយម៉ាកយីហោទាំងពីរអាចចែករំលែកគ្រោងឆ្អឹង CMF platform របស់ក្រុមហ៊ុន Renault-Nissan ដែលមានគោលបំណងផលិតរថយន្តមួយលានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែគេមិនច្បាស់ទេថាតើម៉ូដែល Lada ថ្មីនឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីឬផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់នោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម