ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុមហ៊ុនរថយន្តជាច្រើនបានផ្អាកដំណើរការផលិតរបស់ខ្លួន ដែលជាការឆ្លើយតបនឹងការផ្ទុះវីរុសកូរ៉ូណា។ នៅប្រទេសអ៊ីតាលី មាន Ferrari Lamborghini និង Maserati សុទ្ធតែផ្អាកការផលិត ចំណែក Volkswagen Group និង Porsche បិទទ្វាររោងចក្រនៅអាល្លឺម៉ង់។ ហើយនៅអាមេរិកក្រុមហ៊ុន Ford, Fiat Chrysler, General Motors និង Tesla ក៏បានបិទរោងចក្រដូចគ្នា។
ពេលនេះវីរុសកូរ៉ូណាបន្តបង្កផលប៉ះពាល់ឧស្សាហកម្មរថយន្តនៅអង់គ្លេសវិញម្ដង ដោយមានក្រុមហ៊ុន Bentley និង Jaguar Land Rover បានប្រកាសថាផលិតកម្មរបស់ខ្លួននៅរោងចក្រនៅចក្រភពអង់គ្លេសនឹងត្រូវផ្អាកយ៉ាងហោចណាស់មួយខែ។
Bentley ផ្អាកដំណើរការនៅរោងចក្រនៅតំបន់ Crewe ចាប់ពីថ្ងៃទី ២០ ខែមីនា ខណៈដែល JLR នឹងផ្អាកនៅអំឡុងសប្ដាហ៍នេះដើម្បីការពារបុគ្គលិក។ ក្រុមហ៊ុនទាំងពីរគ្រោងនឹងបន្តការផលិតវិញនៅថ្ងៃទី ២០ ខែមេសា ប៉ុន្តែនឹងត្រូវរង់ចាំតាមដានស្ថានភាពជាបន្តសិន។
ទន្ទឹមនឹងនេះ Bugatti ក៏នឹងចូលរួមផ្អាកការផលិតផងដែរ ដោយចាប់ពីថ្ងៃទី ២០ ខែមីនា ការផលិតរថយន្ត Bugatti Chiron នៅរោងចក្រក្នុងតំបន់ Molsheim ប្រទេសបារាំងនឹងត្រូវផ្អាក។ Bugatti មិនបានប្រាប់ថានឹងចាប់ផ្ដើមប្រតិបត្តិការវិញនាពេលណានោះទេ៕