ម៉ាករថយន្តធំៗនៅក្នុងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ក្នុងការចែកចាយរថយន្ត និងគ្រឿងបន្លាស់ ដោយសារកង្វះខាតបន្ទះឈីបអេឡិចត្រូនិកសកល និងវិបត្តិរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។
Toyota បានលក់រថយន្តភីកអាប់ Hilux សូន្យគ្រឿងឲ្យគត់កាលពីខែមុន ដោយសារស្តុករបស់វាអស់ ហើយមិនមានការមកដល់ថ្មីនោះទេ។ Hilux ត្រូវបានផលិតនៅបរទេស និងនាំចូលទៅក្នុងប្រទេសវៀតណាម ជាគ្រឿងផលិតទាំងស្រុង។
ឈ្មួញបាននិយាយថា រថយន្ត Toyota Raize ដែលជារថយន្តពេញនិយមមួយទៀតរបស់ម៉ាកយីហោជប៉ុនខាងលើ ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនមកដល់ក្នុងរយៈពេល ៦ ឬ ៧ខែទៀត។
មន្ត្រីផ្នែកលក់នៅក្រុមហ៊ុនចែកចាយរថយន្ត Toyota នៅទីក្រុងហូជីមិញ បាននិយាយថា “ម៉ូដែលមួយចំនួនអាចប្រឈមនឹងការខ្វះខាតរហូតដល់ដំណាច់ឆ្នាំ” ។
គួរឲ្យដឹងថា វាគឺជាស្ថានភាពថ្មីសម្រាប់ម៉ូដែលរថយន្តពេញនិយម។ កន្លងមក ការដឹកជញ្ជូនយឺតបានកើតឡើងដោយសារបញ្ហារដ្ឋបាល និងគយ មិនមែនដោយសាររោងចក្របរទេសមិនអាចដឹកជញ្ជូនរថយន្តបានទេ។
ម៉ាកយីហោអាមេរិក Ford បាននិយាយថា កង្វះខាតគ្រឿងបន្លាស់កំពុងពន្យាពេលដល់ការដឹកជញ្ជូន រថយន្ត Explorer ដ៏ពេញនិយមរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ ជាមួយគ្នានេះដែរ Mitsubishi ក៏បានមើលឃើញការកាត់បន្ថយការផ្គត់ផ្គង់រថយន្តរបស់ខ្លួន ម៉ូដែល Pajero Sport និង Triton ដែលនាំចូលពីប្រទេសថៃ ផងដែរ៕