ក្រុមហ៊ុនឡាននៅអឺរ៉ុប សុំឲ្យមានសកម្មភាពបន្ទាន់ក្រោយការលក់ធ្លាក់ចុះ

[ទីផ្សារបរទេស] សមាគមន៍យានយន្តអឺរ៉ុបហៅកាត់ថា ACEA នាសប្ដាហ៍នេះ បានអំពាវនាវឲ្យមាន​សកម្មភាពបន្ទាប់ពីសមាជិកសភាសហភាពអឺរ៉ុប ឲ្យជួយដល់ឧស្សាហកម្មយានយន្ត ខណៈដែលឧស្សាហកម្មនេះពិបាកក្នុងការ​រើខ្លួនពីការថយចុះការលក់ចាប់តាំងពីពេលដែលជំងឺកូវីដ១៩រាតត្បាត។

វិបត្តិ Brexit វិបត្តិខ្វះខាតសឺមីកុងឌុចទ័រ និងវិបត្តិថាមពលដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែន អាចឲ្យគេ​ព្យាករណ៍ថាការលក់រថយន្តនៅអឺរ៉ុបក្នុងឆ្នាំ២០២២នេះ នឹងថយចុះ ១% មកនៅត្រឹម ៩,៦លាន​គ្រឿង ធៀបនឹងឆ្នាំ២០២១។ ត្បិតថាជាការថយចុះតិចតួច ប៉ុន្តែវាជាការធ្លាក់ចុះ ២៦% បើធៀបនឹងមុនពេលដែលជំងឺកូវីដ១៩រាត​ត្បាត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើមឡើយ ACEA រំពឹងថាការលក់នឹងល្អប្រសើរឡើងវិញនៅឆ្នាំ២០២២ ក្រោយពីបញ្ហាផ្គត់ផ្គង់បានថមថយ និងស្ថិតក្រោម​ការគ្រប់គ្រង ប៉ុន្តែការពន្លឿននូវអត្រាអតិផរណា និងភាពភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យការលក់កាន់តែថយចុះថែមទៀត។

លោក Oliver Zipse ជាប្រធានសមាគមន៍ និងជានាយកប្រតិបត្តិ BMW ផងនោះ បានលើកឡើងថា ដើម្បីធា​នាបានការវិលត្រឡប់ទៅរកកំណើន ឧស្សាហកម្មយានយន្តត្រូវការក្របខណ្ឌ័ត្រឹមត្រូវដើម្បីដាក់ដំណើរការ ហើយលោកក៏បានសង្កត់ធ្ងន់ពីការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី នៅទូទាំងទ្វីបអឺរ៉ុប​ផង​ដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម