ក្រុមហ៊ុនឡានវៀតណាម ចាប់ដៃគូជាមួយក្រុមហ៊ុនអ៉ីស្រាអែលដែលមានបច្ចេកវិទ្យាសាកអាគុយឡើងដល់ ៨០% ក្នុងពេល៥នាទី

ក្រុមហ៊ុន VinFast បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនជំនាញខាងផ្នែកអាគុយជាច្រើនក្នុងឧស្សាហកម្មយានយន្ត ដោយសង្ឃឹមថានឹងធ្វើឲ្យរថយន្តអគ្គិសនីរបស់ខ្លួនមានភាពលេចធ្លោលើទីផ្សារអន្តរជាតិ។

ក្រុមហ៊ុននេះបានចាប់ដៃគូជាមួយក្រុមហ៊ុនអ៉ីស្រាអែលឈ្មោះថា StoreDot ដើម្បីបង្កើតបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន។ ក្រុមហ៊ុនស្រាវជ្រាវអាគុយមួយនេះនិយាយថា បច្ចេកវិទ្យារបស់ខ្លួនអាចឲ្យអាគុយទំហំ ៦៥គីឡូវ៉ាត់ម៉ោង សាកភ្លើងពី ០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ៥នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ VinFast ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនតៃវ៉ាន់ឈ្មោះថា ProLogium ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អាគុយស្ងួតផងដែរ។ អាគុយស្ងួតត្រូវបានគេចាត់ទុកថាគឺជាអាគុយសម្រាប់ថ្ងៃអនាគត ដោយសារវាអាចផ្ទុកថាមពលបានច្រើនជាងអាគុយលីចូម និងធន់នឹងការឆេះបានប្រសើរជាងផងដែរ។

បន្ថែមពីនេះ VinFast ក៏បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Gotion High-Tech ដែលជាក្រុមហ៊ុនផលិតអាគុយដ៏ធំមួយនៅប្រទេសចិន ហើយមានកេរ្តិ៍ឈ្មោះដោយសារអាគុយប្រភេទ LFP ដែលជាអាគុយមានតម្លៃធូរជាងអាគុយលីចូម សម្រាប់បំពាក់លើរថយន្តដែលមិនត្រូវការចម្ងាយបើកបរចម្ងាយឆ្ងាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម