ក្រុមហ៊ុនឡានហូឡង់ ប្រកាសចេញឡានកម្លាំងខ្លាំង ទម្ងន់ជាង ៧០០គីឡូក្រាម

[ទីផ្សារបរទេស] ក្រុមហ៊ុនហូឡង់ Donkervoort បានបង្ហាញចេញជាផ្លូវការនូវរថយន្តម៉ូដែល F22 ជារថយន្តថ្មីសន្លាងដំបូងរបស់ខ្លួនក្នុងរយៈពេលជាង១០ឆ្នាំ ដែលវាអាចនឹងចូលមកជំនួសថយន្ត D8 GTO។

រថយន្តប្រភេទ Supercar នេះមានការឌីហ្សាញថ្មី ជាមួយតួខ្លួនថ្មី និងប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន Audi អាចផលិតកម្លាំងបាន ៤៩២សេះ ជាមួយទម្ងន់សរុបត្រឹម ៧៥០គីឡូក្រាមប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីនដែលក្រុមហ៊ុន Donkervoort បានប្រើលើរថយន្ត F22 គឺជាម៉ាស៊ីន៥ស៊ីឡាំង ចំណុះ ២,៥លីត្រ អាចផលិតកម្លាំងបាន ៤៩២សេះ។ កម្លាំងនេះខ្ពស់ជាង ៥៧សេះ បើធៀបនឹងរថយន្ត Donkervoort D8 GTO Individual Series ហើយទន្ទឹមនឹងនេះវាក៏មានភាពស្អាតជាងមុន ដោយបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតតិចជាងមុន ២៨ក្រាម សម្រាប់ការបើកមួយគីឡូម៉ែត្រ។

តាមការអះអាងរបស់ក្រុមហ៊ុន បានឲ្យដឹងថារថយន្ត F22 អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ២,៥វិនាទី និងអាចស្ទុះពី ០ ដល់ ២០០គ.ម/ម៉ ក្នុងពេល ៧,៥វិនាទី មុនឈានដល់ល្បឿនអតិបរមា ២៩០គ.ម/ម៉។

ការផលិតរថយន្ត F22 នឹងកំណត់នៅត្រឹម ៧៥គ្រឿងប៉ុណ្ណោះ ដោយមាន ៥០គ្រឿង បានលក់ចេញរួចរាល់ទៅហើយ។ ក្រុមហ៊ុននៅបន្តទទួលការកុម្ម៉ង់ទិញរថយន្តដែលនៅសេសសល់ជាមួយតម្លៃចាប់ពីប្រមាណ ២៥៨ ២៦៦ដុល្លារ សម្រាប់ទីផ្សារអឺរ៉ុប ដោយការដឹកជញ្ជូនអាចចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម