ក្រុមហ៊ុនឡានអគ្គិសនីមួយនេះ កើនប្រាក់ចំណេញ ១៦២% ដោយសារការលក់ម៉ាស

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានរាយការណ៍ថា ប្រាក់ចំណេញរបស់ពួកគេមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២០ ប៉ុន្តែវាមិនមែនដោយសារតែការលក់រថយន្តនោះទេ។

ស្របពេលដែលរោគរាតត្បាតកូវីដ១៩ នៅក្នុងឆ្នាំ ២០២០ កំពុងវាយប្រហារខ្លាំង ក្រុមហ៊ុន BYD បានចាប់ផ្តើមផលិតម៉ាសលក់តែម្តង។ ថ្វីបើក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់ថា តើពួកគេបានផលិតម៉ាសចំនួនប៉ុន្មានឲ្យប្រាកដនោះ BYD បានបង្ហាញនៅក្នុងខែឧសភាឆ្នាំមុនថា វាមានសមត្ថភាពផលិតម៉ាសចំនួន ៥០ លានក្នុងមួយថ្ងៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផលិតកម្មនៃម៉ាសបានជួយដល់ BYD ឲ្យទទួលបានប្រាក់ចំណេញសុទ្ធ ៤,២៣ ពាន់លានយ័ន (៦៤៣ លានដុល្លារ) កាលពីឆ្នាំមុន គឺកើនឡើងពី ១,៦១ ពាន់លានយ័ន (២៤៥ លានដុល្លារ) ដែលវាបានរាយការណ៍កាលពីឆ្នាំ ២០១៩។

មិនខុសពីក្រុមហ៊ុនផលិតរថយន្តដទៃទៀតនោះទេ ការលក់រថយន្តរបស់ BYD បានធ្លាក់ចុះកាលពីឆ្នាំមុន ដោយធ្លាក់ចុះ ៧,៥ ភាគរយ ស្មើនឹង ៤២៦ ៩៧២ គ្រឿង ព្រោះបញ្ហាជំងឺកូវីដ១៩។ ទិន្នន័យឧស្សាហកម្មរថយន្តបានបង្ហាញថា ការលក់រថយន្តនៅទូទាំងប្រទេសចិន បានធ្លាក់ចុះ ១,៩ ភាគរយ ស្មើនឹង ២៥,៣ លានគ្រឿង។

ទោះបីជាមានប្រាក់ចំណេញសុទ្ធវិជ្ជមានក៏ដោយ ប៉ុន្តែចំណូលរបស់ BYD បានធ្លាក់ចុះ ២២,៦ ភាគរយ ដល់ ១៥៦,៦ ពាន់លានយ័ន (២៣ ពាន់លានដុល្លារ) ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម