ក្រុមហ៊ុនអាកាសចរណ៍ចិន បញ្ចេញឡាន EV សាកថ្មម្តងជិះបាន ៥២០ គីឡូម៉ែត្រ ដាក់លក់ថៃតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនអាកាសចរណ៍របស់ចិនមានឈ្មោះថា JY បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្ត​អគ្គិសនី​ស៊េរី​ថ្មី​មួយ​ឈ្មោះ​ថា JY Air នៅក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៥ ២០០ ដុល្លារ ដល់ ២៩ ៥០០ ដុល្លារ ។

JY Air ផលិតឡើងនៅលើគ្រោងឆ្អឹង SKY platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយអាចសាកពី ៣០-៨០% ប្រើរយៈពេល ២០នាទី ពីការសាកថ្មល្បឿនលឿន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៥៥០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៥១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាបិទជិត ជា​មួយ​នឹង​ចង្កៀងមុខ LED ស្តើង​លាត​ចុះ​ក្រោម​ដល់​កាង​ខាង​មុខ ដោយ​មាន​ឡូហ្គោ​នៅ​ចំ​កណ្ដាល ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញឡើងបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ព្រមទាំងគាំទ្រដោតឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយការអ្នកបើកបរ L2+ DAS ផងដែរ ។ លើសពីនេះ ក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃពីអង្គភាព NCAP និង e-NCAP ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម