
ក្រុមហ៊ុនខាងផ្តល់សេវាកម្មដែលល្បីឈ្មោះជាងគេរបស់សហរដ្ឋអាមេរិកគឺ Uber, ក្នុងពេលថ្មីៗនេះ បានប្រកាសចុះនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមួយជាមួយក្រុមហ៊ុនចិនចំនួន ៣ ដើម្បីអភិវឌ្ឍន៍ និងពង្រីកសេវាកម្មបើកបរដោយខ្លួនឯងទៅកាន់ទីផ្សារអឺរ៉ុប មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិផ្សេងៗទៀតជាច្រើននៅជុំវិញពិភពលោក។ សម្រាប់ក្រុមហ៊ុនចិនទាំង ៣ នេះ មានឈ្មោះថា Momenta, Pony.ai និង WeRide ។
គួរឲដឹងថា ក្រុមហ៊ុន Momenta ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ហើយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនធំៗដូចជា SAIC Motor, General Motors និង Toyota។ ក្រុមហ៊ុននេះ មានបទពិសោធន៍ខ្ពស់ក្នុងការអភិវឌ្ឍកម្មវិធីបើកបរបើកបរដោយខ្លួនឯង ហើយមានផែនការដាក់ឱ្យដំណើរនូវបច្ចេកវិទ្យា Momenta-powered robotaxis របស់ខ្លួនសម្រាប់រថយន្តតាក់សុីរបស់ Uber នៅទីផ្សារអឺរ៉ុបនៅដើមឆ្នាំ ២០២៦ ខាងមុខនេះ។
ចំណែកក្រុមហ៊ុុន Pony.ai វិញ នឹងបង្ហាញនូវបច្ចេកវិទ្យាបើកបរដោយខ្លួនឯងរបស់ខ្លួនសម្រាប់រថយន្តតាក់សុីរបស់ Uber នៅក្នុងទីផ្សារមជ្ឈិមបូព៌ានៅចុងឆ្នាំ ២០២៥ នេះ ហើយពង្រីកបន្ថែមទៅទីផ្សារអន្តរជាតិផ្សេងៗទៀត។ Pony.ai មានការគាំទ្រពីក្រុមហ៊ុន Toyota និង Nio ហើយបានទទួលអាជ្ញាបណ្ណដំណើរការរថយន្តដែលគ្មានមនុស្សបើកនៅក្នុងទីក្រុងប៉េកាំង និងក្វាងចូវ។
ខណៈពេើដែលក្រុមហ៊ុន Momenta និង Pony.ai កំពុងតែរៀបចំក្នុងការចូលបម្រើជាសេវាកម្មបើកបរដោយខ្លួនឯងសម្រាប់់រថយន្តតាក់សុីរបស់ Uber នៅក្នុងទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា, ក្រុមហ៊ុន WeRide ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយផ្សេងទៀតនៅចិន ក៏បានចាប់ដៃគូជាមួយ Uber ផងដែរ។ ក្រុមហ៊ុននេះ មានគោលបំណងបង្កើតរថយន្ត robotaxi ចំនួន ៥០ នៅក្នុងទីក្រុង Abu Dhabi ក្នុងពាក់កណ្តាលឆ្នាំ ២០២៥ នេះ ហើយពង្រីកសេវាកម្មនេះជាបន្តបន្ទាប់ទៅកាន់ទីក្រុងចំនួន ១៥ ផ្សេងទៀតក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។ ក្នុងនោះ WeRide គឺមានការគាំទ្រពី Bosch, Nvidia និង BlackRock ។
ជាមួយគ្នានេះ បើយោងតាមសម្តីរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Uber លោក Dara Khosrowshahi បានបញ្ជាក់ថា កិច្ចសហការនេះ នឹងជួយឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍នៃការធ្វើដំណើរដោយស្វ័យប្រវត្តិដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាពជាងមុន៕