ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្ដល់អំណោយជារថយន្ត ជូនក្រសួងសុខាភិបាលដើម្បីរួមចំណែកប្រយុទ្ធប្រឆាំង វីរុសកូវីដ១៩

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ​លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានសម្រេចឧបត្ថម្ភ រថយន្តម៉ាក HIACE ១៦កៅអី ស៊េរីឆ្នាំ២០២០មួយគ្រឿង ដែលមានតម្លៃ ៦១.៩០០ដុល្លារ​សហរដ្ឋ​អាមេរិក​ ជូនដល់​ក្រសួង សុខាភិបាល តាមរយៈ ឯកឧត្តម​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ​​ក្រសួង សុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងរីករាលដាលនៃវីរុសកូវីដ១៩(COVID-19) ដែលការប្រគល់ នេះ ត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា ដែលមានទីតាំងស្ថិតនៅលើ​​មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដូចដែលយើងទាំងអស់បានជ្រាប ច្បាស់ហើយថា នៅក្នុងពេលបច្ចុប្បន្ន​នេះ ​ប្រទេសកម្ពុជាកំពុងតែជួបប្រទះនូវមេរោគរាតត្បាត ជាសកល (COVID-19) ដែលរាជ​រដ្ឋា​ភិបាល​​កំពុងតែ​​​ចាត់​​វិធាន​ការ​យ៉ាងតឹងរឹង ដើម្បីទប់ទល់​នឹងវីរុសដ៏កាចសាហាវ​​មួយនេះ ​​តាមប្រសាសន៍អំពាវនាវ​ដ៏​ខ្ពង់​ខ្ពស់របស់ សម្ដេចអគ្គមហាសានាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ និងលះបង់ កម្លាំងកាយចិត្ត ក្នុងការព្យាបាលអ្នកជម្ងឺ នាពេលកន្លងមក។ លើសពីនេះទៅទៀត​ ក្រុមហ៊ុន ក៏សូមអរគុណដល់បណ្តាស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​ទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការ សុខាភិបាលពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង​​​សហរដ្ឋអាមេរិក និងវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវ រក ករណីកូវីដ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បី ទប់ស្កាត់ការចម្លង និងការរីករាលដាលវីរុសកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សង្ឈឹមយ៉ាងមុតមាំថា រថយន្តដែលបានឧបត្ថម្ភជូននៅពេលនេះ នឹងអាចចូលរួមចំណែក យ៉ាងសំខាន់មួយ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាប្រតិបត្តិការផ្សេងៗ ដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ឲ្យរួចផុតពីមេរោគដ៏កាចសាហាវមួយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម