
រថយន្ដ AUDI ត្រូវដែលសរសេរជាអក្សរធំ និងគ្មានរូបសញ្ញាកងរង្វង់បួនដ៏ល្បីល្បាញ ត្រូវបានគេស្គាល់ថាជាម៉ាកយីហោរថយន្តអគ្គិសនីថ្មីមួយនៅប្រទេសចិន តំណាងឲ្យក្រុមហ៊ុន Audi របស់ប្រទេសអាឡឺម៉ង់។ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្រោយដាក់លក់រថយន្ដ AUDI E5 Sportback ក្រោយទទួលបានការបញ្ជាទិញកក់ទុកជាង ១០ ០០០ គ្រឿង ក្នុងរយៈពេលត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ។
ក្រុម AUDI នៅចិនមិនបានបង្អង់យូរទេ ដោយនៅក្នុងពិព័រណ៍រថយន្តក្វាងចូវ (Guangzhou Auto Show) ពួកគេបានដាក់បង្ហាញរថយន្តគម្រូម៉ូឌែល E SUV ជាផ្លូវការ ត្រូវបានចាត់ទុកថាជាប្អូនរបស់រថយន្ដ AUDI E5 Sportback ។ បច្ចុប្បន្នម៉ាកយីហេារថយន្ដសរសេរដោយពាក្យថា AUDI គឺជាយីហោផ្តាច់មុខសម្រាប់តែប្រទេសចិនប៉ុណ្ណោះ ហើយត្រូវបានដាក់ឲ្យដំណើរការក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៤។ រថយន្តដំបូងរបស់ខ្លួន គឺ AUDI E5 Sportback ដែលជារថយន្ត Sedan ប្រភេទ shooting brake (ឬដែលជនជាតិអាល្លឺម៉ង់ហៅថា Kombi) ត្រូវបានដាក់លក់ក្នុងខែ កញ្ញា។
ម៉ាក់យីហោរថយន្ដអគ្គីសនីកម្រិតខ្ពស់នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ “In China for China” ដែលមានន័យថាផលិតនៅក្នុងប្រទេសចិនសម្រាប់ទីផ្សារប្រទេសចិន។ សម្រាប់រថយន្តគម្រូ E SUV ថ្មីនេះ ត្រូវបានគេស្គាល់ថាជាម៉ូឌែល AUDI E8 ដែលប្រើប្រាស់ការរចនាដូចទៅហ្នឹងរថយន្ដ E5 Sportback ដែរ។
យោងតាមសារព័ត៌មាន CarNewsChina រថយន្ដនេះគាំទ្រការសាកថ្ម 800V បំពាក់ជាមួយអាគុយទំហំ 109 kWh អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ យោងតាមតាមការវាយតម្លៃពីស្ថាប័ន CLTC មានកម្លាំងដល់ ៧០០សេះ អាចបង្កើនល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង គឺ ៥ វិនាទី។ រថយន្ដគម្រូ AUDI E SUV នេះមានទាំងជម្រើសប្រើប្រាស់បុងមួយដំណើរដោយម៉ូទ័រអគ្កិសនីនីផ្នែកខាងក្រោយ និងប៉ុងពីរ។ មិនមែនមានតែជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនោះទេ រថយន្ដម៉ូឌែលថ្មីនេះក៏បានបន្ថែមមកជាជម្រើស EREV ផងដែរ។
ចំពោះទំហំរូបរាងផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ០៥៧ មីលីម៉ែត្រ ទទឹង ២ ០៤២ មីលីម៉ែត្រ កម្ពស់ ១ ៧៨៦ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៦០ មីលីម៉ែត្រ។ បើតាមការរំពឹងទុករថយន្ដAUDI E SUV អាចនឹងត្រូវដាក់លក់ជាមួយតម្លៃចាប់ពី ៣៦ ៦០០ ដុល្លារ។ សម្រាប់រថយន្ដគម្រូ មើលទៅជិតនឹងត្រៀមរួចរាល់សម្រាប់ចូលផលិតកម្មហើយ ដូច្នេះការដាក់លក់ត្រូវបានរំពឹងទុកនៅដើមឆ្នាំ ២០២៦៕



















