
ក្រុមហ៊ុន Cadillac បានដាក់បង្ហាញរថយន្តម៉ូឌែល CT5-V Blackwing F1 Collector Series មុនពេលការប្រកួតពានរង្វាន់ Miami Grand Prix ចូលមកដល់ក្នុងពេលខាងមុខនេះ។ រថយន្ដនេះគឺជាប្រភេទ រថយន្ដផលិតក្នុងចំនួនកំណត់ “ultra-exclusive” ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរចំពោះការឈានជើងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ Formula 1 ជាលើកដំបូងរបស់ក្រុមហ៊ុនមួយនេះ។

តាមរយៈការអភិវឌ្ឍក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន Formula 1 និងសហព័ន្ធកីឡារថយន្តអន្តរជាតិ (FIA) រថយន្ដ CT5-V Blackwing F1 Collector Series ត្រូវផលិតក្នុងចំនួនកំណត់តែចំនួន ២៦គ្រឿងប៉ុណ្ណោះ។ សម្រាប់រថយន្ដនេះត្រូវបានគេចាត់ទុកថាជារថយន្ដមានកម្លាំងខ្លាំងបំផុតដែលមិនធ្លាប់មានដែល Cadillac មិនធ្លាប់ផលិតនាពេលកន្លងមក។
ចំពោះកម្រិតសមត្ថភាព CT5-V Blackwing F1 Collector Series ដំណើរដោយម៉ាស៊ីន V8 ចំណុះ ៦.២ លីត្រ (Supercharged) ត្រូវបានកែសម្រួលដើម្បីបន្ថែមអាចផលិតកម្លាំងបានរហូតដល់ ៦៨៥ សេះ និងកម្លាំងរមួល ៩១១ ញូតុនម៉ែត្រ ផ្គូផ្គង់ជាពិសេសជាមួយប្រអប់លេខដៃ ៦ វគ្គ ហើយរថយន្តនីមួយៗត្រូវបានបំពាក់មកជាមួយកញ្ចប់គ្រឿងបង្កើនសមត្ថភាព Precision Package។ កញ្ចប់ពិសេសនេះរួមមាន៖ការបំពាក់ជាមួយប្រព័ន្ធជើងក្រោមរចនាសម្រាប់បើកបរលើទីលានប្រណាំង, ប្រព័ន្ធហ្វ្រាំងកាបូនសេរ៉ាមិច និងសំបកកង់សម្រាប់ប្រើប្រាស់តែក្នុងរដូវក្ដៅ។

បើមើលពីតួលេខកម្លាំងរបស់រថយន្ដនេះមានការកើនឡើង ១៧សេះនិងកម្លាំងរមួលកើនឡើង ១៤ ១៩ ញូតុនម៉ែត្រ បន្ថែមទៀតបើធៀបទៅនិងម៉ូឌែលធម្មតា។ ការកើនឡើងកម្លាំងបន្តិចបន្តួចនេះ ត្រូវបានគេដឹងថាបានមកពីការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធបង្កើនកម្លាំងម៉ាស៊ីន (supercharger) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយផ្នែកកីឡាយានយន្ត GM Motorsports។ ក្រៅពីការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធចលករ ម៉ូឌែលពិសេសនេះមានពណ៌តួខ្លួនខាងក្រៅប្រផេះស្រអាប់ Midnight Stone Frost ជាមួយថាសកង់ស្ព័រ Carbon Flash Metallic និងដុំហ្វ្រាំងពណ៌ប្រផេះ។ អតិថិជនក៏នឹងទទួលបាននូវឈុតគ្រឿងតុបតែងតួខ្លួនធ្វើពីកាបូនហ្វាយប័រ មានឆ្នូតពណ៌ប្រាក់ ព្រមទាំងស្លាកសញ្ញាពណ៌ខ្មៅ និងនិមិត្តសញ្ញាតំណាង Cadillac បែបសខ្មៅ។ បន្ថែមលើនេះ ក៏មានការរចនាតុបតែងលម្អដោយនិមិត្តសញ្ញា FIA និង F1 បែបសាមញ្ញប៉ុន្តែទាក់ទាញផងដែរ។
ចូលមកដល់ផ្នែកខាងក្នុងនៃរថយន្ត Cadillac នេះវិញ បានបំពាក់ជាមួយកៅអីស្ព័រធ្វើពីស្បែកពណ៌ខ្មៅ ជាមួយថ្នេរដេរ និងឆ្នូតគែមពណ៌ប្រាក់។ កៅអីទាំងនេះក៏មានលក្ខណៈពិសេសត្រង់ការរចនាបង្កប់រូបសញ្ញា F1 នៅលើបង្អែកក្បាលផងដែរ។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន មេដាយរូបសញ្ញា F1 ផលិតដោយបច្ចេកវិទ្យាបោះពុម្ព 3D នៅដៃលេខ, បន្ទះឈ្នាន់ទ្វារមានអក្សរ “Cadillac Formula 1 Team”, និងរូបសញ្ញា FIA ត្រូវបានបញ្ចូលទៅក្នុងផ្ទៃកាបូនហ្វាយប័រនៅលើប្រអប់កណ្តាល។ អតិថិជនក៏នឹងទទួលបាននូវគ្រឿងបរិក្ខារស្តង់ដារផ្សេងៗ រួមទាំងអេក្រង់ទំហំ ៣៣ អុីញ ផងដែរ។

រថយន្ត CT5-V Blackwing F1 Collector Series នឹងត្រូវដាក់លក់នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ហើយការផលិតនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ បើនិយាយពីចំនួននៃការផលិត CT5-V Blackwing F1 Collector Series ផលិតត្រឹមតែ ២៦ គ្រឿង ប៉ុណ្ណោះ ហើយវាទំនងជានឹងមានតម្លៃខ្ពស់ជាងឆ្ងាយធៀបនឹងម៉ូឌែលធម្មតា មានតម្លៃចាប់ផ្តើមពី ៩៨,៩០០ ដុល្លារ មិនទាន់បូកបញ្ចូលពន្ធលើការប្រើប្រាស់ប្រេង ៧,១០០ ដុល្លារ និងថ្លៃសេវាដឹកជញ្ជូន ១,៧៩៥ ដុល្លារនៅឡើយ៕


















