
ក្រុមហ៊ុន Chery បានបញ្ឈប់ការអភិវឌ្ឍរថយន្ត MPV ប្រណីតម៉ូឌែល Exeed Exlantix E08 របស់ខ្លួន ក្នុងគោលបំណងដើម្បីបង្រួបបង្រួមធនធាន ហើយបានសម្រេចផ្ទេរឲ្យក្រុមហ៊ុន Luxeed ដែលមានការគាំទ្រពីក្រុមហ៊ុន Huawei អភិវឌ្ឍរថយន្ត MPV នេះវិញម្ដង។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យរថយន្ដថ្មី EHV របស់ Luxeed នឹងត្រូវផលិតនៅលើគ្រោងឆ្អឹង E0X-L ក្លាយជារថយន្ត MPV ដំបូងគេស្ថិតក្នុងបុត្រសម្ព័ន្ធ HIMA (Harmony Intelligent Mobility Alliance) នៅពេលដែលវាត្រូវបានដាក់លក់នៅដើមឆ្នាំ ២០២៦។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន 21st Century Business Herald ក្រុមវិស្វករមួយផ្នែកនៃគម្រោងផលិតរថយន្ដ Exlantix E08 ត្រូវបានផ្ទេរទៅឲ្យគម្រោងហើយប្ដូរឈ្មោះទៅជា EHV ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Luxeed។ រថយន្ដនឹងផ្តល់ជូននូវជម្រើសប្រភេទអគ្គិសនីសុទ្ធ (pure-electric) និងប្រើប្រាស់អគ្គិសនីលាយសាំង (extended-range) ហើយប្រើអាគុយរបស់ក្រុមហ៊ុន CATL។
រថយន្ត Luxeed EHV បានដាក់គោលដៅប្រកួតប្រជែងក្នុងទីផ្សាររថយន្ដ MPV មានតម្លៃប្រមាណ ៥០ ០០០ដុល្លារ នៅប្រទេសចោន ខណៈរថយន្តម៉ូឌែលចាស់ E08 ដែលត្រូវបានលុបចោលមានតម្លៃប្រហាក់ប្រហែល ៣០ ០០០ ដុល្លារ។ ក្រុមហ៊ុន Chery បានបញ្ជាក់ពី “យុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់” ដើម្បីជៀសវាងការប្រកួតប្រជែងផ្ទៃក្នុងរវាងម៉ាកយីហោរថយន្តអគ្គិសនីប្រណីតរបស់ខ្លួន។
ការសម្រេចចិត្តនេះស្របពេលតម្រូវការរថយន្ត MPV អគ្គិសនីកំពុងកើនឡើងយ៉ាងខ្លាំងនៅចិន ខណៈតួលេខនៃការលក់រថយន្ដ MPV នៅប្រទេសចិនបានកើនឡើង ៤៩.៧% ប្រចាំឆ្នាំក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ឈានដល់ ២១៤ ១០០ គ្រឿង។ រថយន្ដ MPV របស់ Luxeed កំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំង ព្រោះក្រុមហ៊ុនេះ មានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងជាម៉ាកយីហោទីពីរក្រោមសម្ព័ន្ធ HIMA៕