ក្រុមហ៊ុន Ferrari ប្រកាសថាត្រកូលរថយន្ត Ferrari Purosangue របស់ខ្លួនចាប់ផ្តើមទទួលការកក់ឡើងវិញហើយ

[​​ទីផ្សារបរទេស] ​ក្រុមហ៊ុន Ferrari បានប្រកាសបង្ហាញអំពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន​ក្នុង​ត្រីមាស​​​ទីមួយ​ក្នុងឆ្នាំ ២០២៣​​​ រួមជាមួយការទទួលកាកក់ឡើងវិញសម្រាប់​ត្រកូលរថយន្ត Purosangue ដែលពីមុនត្រូវបានលក់អស់។

ជាក់ស្តែងប្រធានបទដែលបានដកស្រង់ចេញអំពីលទ្ធផលហិរញ្ញវត្ថុដែលបានបង្ហាញចេញពី Maranello ជាមួយប្រាក់ចំណូលកើនឡើងរហូត ២៧%​ បើប្រៀបធៀបទៅនឹងត្រីមាសកាលមុន។ លោក Benedetto Vigna ជា​នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន Ferrari បានពណ៌នាអំពី​លទ្ធផលនៃត្រីមាសនេះថា “ពិសេសខ្លាំង” ហើយ​បាននិយាយថាប្រាក់ចំណេញមានរហូតទៅដល់ ២៩៧ លានអឺរ៉ូផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួរយ៉ាងក្រុមហ៊ុនបានប្រកាសបើកទទួលការកត់រថយន្តនេះឡើងវិញ​សម្រាប់ត្រកូល​ Ferrari Purosangue ដែលជារថយន្តមានទ្វារបួនដំបូងគេរបស់​របស់ខ្លួន​។ ជាមួយការបង្ហាញ​ថា​កាល​ពី​ឆ្នាំ​មុន​នេះរថយន្ត Ferrari បានក្លាយជារថយន្តដែលទាក់ទាញចំណាប់​អារម្មណ៍របស់អ្នកទិញ​ដែល​មាន​តម្រូវ​ការខ្លាំងសម្រាប់រថយន្ត SUV ទំនើបមួយនេះ​ បើទោះបីជាតម្លៃចាប់ផ្តើមពី ៤០០ ០០០ដុល្លារ ក៏ដោយក៏អតិថិជន​រង់ចាំការ​ពន្យាពេលនៃរថយន្តនេះមកដល់ដៃខ្លួនរហូតដល់ពីរឆ្នាំ រហូតធ្វើអោយក្រុមហ៊ុន​ផលិត​រថយន្ត Ferrari បានសម្រេចចិត្តឈប់ទទួល​ការកក់។

ជាមួយលទ្ធផលនេះ Ferrari ក៏បានប្តេជ្ញាចិត្តថានឹងរក្សារអត្តសញ្ញាណត្រកូលមួយនេះព្រមទាំង​កំណត់​នៃការ​លក់​ឱ្យ​តិចជាង២០%នៃនាំចេញរថយន្តសរុបរបស់ខ្លួន ។​ Ferrari ធ្វើបែបនេះ​ដើម្បី​រក្សា​ត្រកូល​រថយន្ត​របស់ខ្លួន​ឲ្យបានល្អ និងជារថយន្តដែលមានគេចង់បានផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Ferrari បាននិយាយថាដំណើរការប្រចាំត្រីមាសនេះជំរុញដោ​យរ​ថយន្ត​ Ferrari 296 GTB ព្រមទាំង Ferrari 812 Competizione និងរថយន្ត Ferrari Portofino M ជាដើម។ ហើយខណៈការ​ចែកចាយថយចុះ ១២% នៅ​ក្នុង​តំបន់​ EMEA (អឺរ៉ុប មជ្ឈិមបូព៌ា និង អាហ្វ្រិក) ក្នុងនោះ​អាមេរិក​បានកើនឡើង​​ខ្លាំងដល់​ ៤៦,​២​%។ ជាពិសេសក្នុង ប្រទេសចិនក៏កើនដល់ ៣៨,៩% ព្រមទាំងនៅ​តំបន់ APAC (អាស៊ីប៉ាស៊ី​ហ្វិក​)កើន ១៩,៥% ផងដែរ។

មួយវិញទៀតរថយន្ត Ferrari Prancing Horse នឹងមានគម្រោងបង្ហាញរថយន្តចំនួន ១១ គ្រឿង​ក្នុងចន្លោះ​ឆ្នាំ ២០២៣ ដល់ ២០២៦។ ហើយ Ferrari ក៏បានសន្យាថានឹងបញ្ចេញ​រថយន្តថ្មីចំនួន ៤ ម៉ូឌែល​ក្នុងនៅឆ្នាំ ២០២៣នេះផងដែរ។ សម្រាប់ Ferrari Roma Spider ត្រូវបានបង្ហាញកាលពីខែមីនា ក្នុងនាម​ជា​រថយន្ត​ជំនួសឲ្យ Ferrari Portofino M ហើយរថយន្ត Ferrari SF90 Versione Speciale ក៏នឹងត្រូវមកដល់ក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម