ក្រុមហ៊ុនរថយន្ត Geely Auto របស់ចិន ដែលជាក្រុមហ៊ុនមេរបស់ Volvo Cars, Lotus និង London EV បានចាប់ផ្ដើមការលក់រថយន្តនៅលើអនឡាញ ដែលអាចឲ្យអតិថិជនធ្វើការបញ្ជាទិញ និងដឹកជញ្ជូនដល់គេហដ្ឋាន។
ក្រុមហ៊ុនក៏មានផ្ដល់ជូនការអនុញ្ញាតឲ្យបើកបររថយន្តសាកល្បង ដោយនឹងបញ្ជូនរថយន្តសម្រាប់សាកល្បង (Demo) ដល់ផ្ទះរបស់អតិថិជនតែម្ដង។ លើសពីនេះក្រុមហ៊ុនជួយដល់ការចុះបញ្ជីផ្សេង និងសេវាធានារ៉ាប់រងនៅក្នុងដំណើរការនៃទិញផងដែរ ដែលបង្កើតជាបទពិសោធន៍ទិញរថយន្តអនឡាញប្រភេទ One-Stop ហើយអតិថិជនក៏នឹងអាចជ្រើសរើសភ្នាក់ងារផ្ដល់ប្រាក់កម្ចីច្រើនប្រភេទតាមរយៈ Platform ថ្មីនេះបានទៀតផង។
គួរដឹងថា Geely Auto បានដាក់គោលដៅក្នុងការពង្រីកសេវាកម្មនេះ ដោយចង់បញ្ចូលនូវការបម្រើសេវាកម្មដល់ផ្ទះ ដែលក្រុមហ៊ុននឹងប្រមូលរថយន្តដើម្បីយកមកធ្វើការថែទាំ រួចហើយបញ្ជូនត្រឡប់ទៅដល់ផ្ទះអតិថិជនវិញ។ សេវាកម្មនេះ ក្រុមហ៊ុននិយាយថានឹងផ្ដល់ជូនក្នុងពេលឆាប់ៗខាងមុខ៕