
ម៉ាកយីហោរថយន្តរបស់ចិន Geely នឹងមានវត្ដមាននៅទីផ្សារប្រទេសប៉ូឡូញ ក្រោយក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងចែកចាយជាមួយក្រុមហ៊ុន Jameel Motors។
ក្រុមហ៊ុន Geely Auto និង Jameel Motors បានចុះកិច្ចព្រមព្រៀងមួយដើម្បីចែកចាយរថយន្តថាមពលថ្មី (new energy vehicles) នៅប្រទេសប៉ូឡូញកាលពីថ្ងៃទី ៨ ខែឧសភា។ រថយន្ដពីរម៉ូឌែល នឹងមានវត្តមាននៅទីផ្សារប្រទេសប៉ូឡូញគឺរថយន្ត អគ្គិសនី Geely EX5 និងម៉ូឌែល C-SUV មិនទាន់បញ្ចេញឈ្មោះជាផ្លូវការទេ ដោយដំណើរការប្រព័ន្ធ Plug-in Hybrid។
ក្រុមហ៊ុន Jameel Motors គឺជាអ្នកចែកចាយរថយន្តមួយ ត្រូវបានបង្កើតឡើងនៅអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ១៩៤៥។ ក្រៅពីប្រតិបតិ្ដការនៅក្នុងប្រទេសកំណើត ក្រុមហ៊ុននេះបច្ចុប្បន្នកំពុងប្រតិបត្តិការនៅប្រទេសអាល់ហ្សេរី, ចិន, អេហ្ស៊ីប, ឥណ្ឌា, ជប៉ុន, ម៉ារ៉ុក, ម៉ូណាកូ និងតួកគី។ ក្រុមហ៊ុន Jameel Motors បានធ្វើការសហការជាមួយម៉ាកយីហោរថយន្តជាច្រើនដូចជា៖ Toyota, Lexus, MG, GAC, និង Changan។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចែករំលែកដោយក្រុមហ៊ុនទាំងពីរ Geely Auto នឹងផ្តល់ជូននូវរថយន្តប្រភេទ NEV របស់ខ្លួនដល់អតិថិជនប៉ូឡូញ។ យោងតាមក្រុមហ៊ុន Geely ការលក់រថយន្ត BEV របស់ប្រទេសប៉ូឡូញបានកើនឡើង ៤១% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ រថយន្តដំបូងដែលនឹងចូលទៅកាន់ប្រទេសប៉ូឡូញគឺរថយន្តប្រភេទ Geely EX5 អគ្គិសនី នឹងចាប់ផ្តើមលក់នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥។
រថយន្ត Geely EX5 ត្រូវបានលក់នៅប្រទេសចិនក្នុងឈ្មោះថា Geely Galaxy E5។ រថយន្តប្រភេទ compact crossover ដំណើរដោយម៉ូទ័រម៉ូទ័រអគ្គិសនីចំនួន១អាចផលិតកម្លាំងបាន ២១៥សេះ អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេល ៦.៩ វិនាទី។ រថយន្ត Geely EX5 មានជម្រើសថាមពលថ្ម LFP ពីរគឺ ៤៩.៥២kWh និង ៦០.២២kWh អាចបើកបរបានចម្ងាយ ៤៤០ – ៥៣០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC៕
មិនមានព័ត៌មានផ្លូវការអំពីរថយន្តម៉ូដែលទីពីររបស់ Geely សម្រាប់ប្រទេសប៉ូឡូញនៅឡើយទេ។ ទោះជាយ៉ាងណា យើងដឹងថាវាជារថយន្តប្រភេទ C-SUV ប្រភេទ Plug-in Hybrid ។ តាមការរំពឹងទុករថយន្ដ Geely Galaxy Starship 7 EM-i ទំនងជានឹងក្លាយជារថយន្តម៉ូឌែលទីពីររបស់ Geely ដាក់លក់នៅប្រទេសប៉ូឡូញ៕