
បច្ចុប្បន្នក្រុមហ៊ុន GM កំពុងបោះជំហានទៅមុខមួយកម្រិតទៀត ដោយបច្ចេកវិទ្យា Super Cruise អនុញ្ញាតឲ្យលែងដៃពីចង្កូតប៉ុន្តែត្រូវមើលផ្លូវ បានវិវត្ដន៍ខ្លួនទៅជាបច្ចេកវិទ្យាថ្មីមួយទៀត អនុញ្ញាតឲ្យអ្នកបើកបរ មិនចាំបាច់មើលផ្លូវទៀតនោះទេ។ សម្រាប់បច្ចេកវិទ្យាជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនដំបូងបង្អស់នៅលើរថយន្ត Cadillac Escalade IQ ស៊េរីឆ្នាំ២០២៨ អនុញ្ញាតឲ្យអ្នកបើកបរអាចសម្រាកលំហែកាយ និងទស្សនាខ្សែភាពយន្ត ឬកម្មវិធីកម្សាន្តផ្សេងៗបាន ដោយមិនចាំបាច់ខ្វល់ខ្វាយពីការកាន់ចង្កូតបើកបរឡើយ។
ក្នុងកិច្ចខិតខំប្រឹងប្រែងលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន GM មានទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុននៅតែបន្តជំរុញការធ្វើតេស្តលើដងផ្លូវនូវប្រព័ន្ធបើកបរជំនាន់ក្រោយរបស់ខ្លួនដដែល។ ដូចអ្វីដែលក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកធ្លាប់បានប្រកាសកាលពីចុងឆ្នាំមុន ពួកគេកំពុងអភិវឌ្ឍប្រព័ន្ធបើកបរ “មិនបាច់មើលផ្លូវ” (Eyes-off) ថ្មីសន្លាងមួយ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅលើរថយន្ត Cadillac Escalade IQ ក្នុងឆ្នាំ ២០២៨។
បច្ចេកវិទ្យានេះ នឹងអនុញ្ញាតឲ្យរថយន្តអគ្គិសនីលំដាប់កំពូលមួយនេះ អាចធ្វើដំណើរលើផ្លូវហាយវ៉េបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានការត្រួតពិនិត្យពីអ្នកបើកបរឡើយ។ នេះមានន័យថា “អ្នកបើកបរ” នឹងមានសេរីភាពក្នុងការសម្រាកលំហែកាយ និងកម្សាន្តសប្បាយតាមចិត្ត ខណៈពេលដែលរថយន្តជាអ្នករ៉ាប់រងរាល់កិច្ចការបើកបរដ៏លំបាកទាំងអស់ជំនួសវិញ។

យ៉ាងណាមិញទោះមុខងារអាចដំណើរទៅបាន ក៏ដោយសារតែការបំពាក់នូវកាមេរ៉ា និងសិនស័រ (Sensors) ជាច្រើន រួមមានទាំងប្រព័ន្ធ Lidar និង Radar ផងដែរ។ ឧបករណ៍ទាំងអស់នេះ ដំណើរការរួមគ្នាជាមួយរចនាសម្ព័ន្ធប្រព័ន្ធកុំព្យូទ័រដែលជាខួរក្បាល ដ៏ឆ្លាតវៃក្នុងការបញ្ជាទៅលើប្រព័ន្ធដំណើរការទាំងមូល។
គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន General Motors មិនទាន់បានបង្ហើបព័ត៌មានលម្អិតច្រើននៅឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងគឺថាពន្លឺពណ៌ខៀវខ្ចីនឹងភ្លឺឡើងទាំងនៅខាងក្នុង និងខាងក្រៅរថយន្ត នៅពេលដែលវាស្ថិតក្នុងរបៀបបើកបរដោយស្វ័យប្រវត្តិ។ ពន្លឺនេះនឹងជួយផ្ដល់ដំណឹងដល់អ្នកបើកបរឲ្យដឹងថា ពួកគេអាចឈប់ផ្ដោតអារម្មណ៍លើផ្លូវបាន ហើយវាក៏ជាសញ្ញាប្រាប់ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀតឲ្យមានការប្រុងប្រយ័ត្នផងដែរ។

ការសាកល្បងនៅលើដងផ្លូវក្នុងពិភពពិតប្រាកដ បានចាប់ផ្ដើមនៅសប្តាហ៍នេះលើផ្លូវហាយវ៉េដែលមានការកំណត់ការចេញចូលក្នុងរដ្ឋ California និង Michigan។ ក្រុមហ៊ុនមានផែនការប្រើប្រាស់រថយន្តគម្រូចំនួន ២០០ គ្រឿង ដើម្បីចូលរួមហើយ GM បានបញ្ជាក់ថា រថយន្តនីមួយៗនឹងមានអ្នកបើកបរ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីរង់ចាំគ្រប់គ្រងដោយដៃចង្កូតនៅគ្រប់ពេលប្រសិនបើចាំបាច់។
ទោះជាយ៉ាងណាក៏ដោយ ការចូលទៅបញ្ជាជំនួសដោយអ្នកបើកបរត្រូវបានរំពឹងថានឹងមានតិចតួចបំផុត ដោយសារប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយផ្អែកលើបទពិសោធន៍នៃការបើកបរជាង ៨០០ លានម៉ាយល៍ ស្មើនិងប្រមាណ ១.២៩ ពាន់លានគីឡូម៉ែត្រពីអតិថិជនដែលប្រើប្រាស់ប្រ័ពន្ធជំនួយការការបើកបរ Super Cruise។ លើសពីនេះ ក្រុមហ៊ុនក៏បានបញ្ចូលនូវមេរៀនដែលទទួលបានពីការបើកបរដោយស្វ័យប្រវត្តិទាំងស្រុងជាង ៥ លានម៉ាយល៍ ស្មើនិងប្រមាណ ៨ លានគីឡូម៉ែត្ររបស់គម្រោង Cruise ផងដែរ។
ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះបានលើកឡើងថា៖ការធ្វើតេស្ដសាកល្បងនៅលើផ្លូវពិត គឺចាំបាច់បំផុតដើម្បីបង្កើតប្រព័ន្ធមួយដែលគួរឲ្យទុកចិត្ត ហើយបានបន្ថែមថា ទិន្នន័យដែលប្រមូលបានក្នុងដំណាក់កាលថ្មីនេះ នឹងត្រូវបញ្ជូនដោយផ្ទាល់ទៅក្នុងវដ្តនៃការអភិវឌ្ឍន៍របស់ GM ដើម្បីពង្រឹងប្រព័ន្ធបើកបរដោយ AI និងភាពរឹងមាំនៃប្រព័ន្ធទាំងមូល។ ក្រុមហ៊ុនបានបន្តទៀតថា ប្រព័ន្ធនាពេលអនាគតនេះ នឹងមានបំពាក់នៅលើរថយន្តគ្រប់កម្រិត ចាប់តាំងពីម៉ូឌែលទូទៅរបស់ Chevy រហូតដល់រថយន្តប្រណីតរបស់ Cadillac៕




















