ក្រុមហ៊ុន​ Honda ​ប្រកាសបិទ​រោង​ចក្រ​តម្លើងរថយន្តមួយកន្លែង​​ និង​បញ្ឈប់​ផលិតកម្ម​នៅរោងចក្រមួយកន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេសចិន

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុន​ Honda Motor បាន​ប្រកាសថាខ្លួន​នឹង​បិទ​រោង​ចក្រ​មួយកន្លែង​​ និង​បញ្ឈប់សង្វាក់​ផលិតកម្ម​រថយន្ត​​នៅរោង​ចក្រ​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​ប្រទេសចិន។​ ​សម្រាប់ការផ្លាស់ប្តូរដែលបានប្រកាសនៅក្នុងសប្តាហ៍នេះមានគោលបំណងដើម្បីដោះស្រាយជាមួយនឹងការខាតបង់ និងផ្តោតលើការផលិតរថយន្តអគ្គិសនី ( BEV) វិញ។

បើយោងតាមអ្នកនាំពាក្យរបស់​ក្រុមហ៊ុនផ្ទាល់ បាននិយាយថា ក្រុមហ៊ុន Honda នឹងបិទរោងចក្រដែលបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តចិន GAC Group នៅ​ខែតុលាខាង​មុខ​នេះ ស្របពេលដែលរោង​ចក្រ​មួយ​ទៀតរបស់ខ្លួន​ ដែល​បណ្ដាក់​ទុន​​ជាមួយ​​ក្រុម​ហ៊ុន​ Dongfeng Motor ក៏នឹងផ្អាតសង្វាក់ផលិតកម្មចាប់​ពី​ខែ​វិច្ឆិកា​នេះតទៅ​ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងថា រោងចក្រ GAC JV បាន​បើក​ដំណើរការ​​​អស់រយៈពេល ២០ ឆ្នាំ មកហើយនៅក្នុងប្រទេសចិន​ រោងចក្រនេះផ្តោងសំខាន់តែក្នុងការផលិត​រថយន្ត​ Sedan Accord តែប៉ុណ្ណោះ ​ជាមួយ​សមត្ថភាព​​ផលិត​ ៥មុឺនគ្រឿង/ឆ្នាំ ខណៈរោងចក្រ Dongfeng JV វិញមានសមត្ថភាពផលិតរថយន្តបាន ២៤មុឺនគ្រឿង/ឆ្នាំ។ ទោះជាសមត្ថភាពផលិតបានច្រើនក៏ពិតមែនតែការលក់រថយន្តរបស់ក្រុមហ៊ុន Honda នៅក្នុងប្រទេសចិនផ្ទាល់បានធ្លាក់ចុះ ១០ ភាគរយ មកនៅត្រឹម ១,២ លានគ្រឿងនៅក្នុងឆ្នាំ២០២៣។ ខណៈដែលការលក់នៅក្នុងឆ្នាំ២០២៤ ក្នុងត្រីមាសទី១ នេះក៏មិនសូវជាកាក់កប់ប៉ុន្មានដែរទើបធ្វើឲក្រុមហ៊ុនមួយនេះសម្រេចចិត្តបែបនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម