Leapmotor បានធ្វើការដាក់បង្ហាញរថយន្ដអគ្គិសនីបែបស្ព័រត្រៀមដាក់លក់នាពេលខាងមុខ

ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញរថយន្តអគ្គិសនី hatchback បែបស្ព័រដំបូងរបស់ខ្លួនម៉ូឌែល B05 Ultra ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនមានឈ្មោះថា Lafa 5 Ultra។ ការដាក់បង្ហាញនេះធ្វើឡើងបន្ទាប់ពីអនុប្រធានជាន់ខ្ពស់ Cao Li បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ។ រថយន្ត Leapmotor B05 ស្ដង់ដារបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ Munich Motor Show ឆ្នាំ 2025។

យោងតាមលោក Cao  Li រថយន្ត Lafa 5 Ultra បានឆ្លងកាត់ការអភិវឌ្ឍន៍យ៉ាងទូលំទូលាយដោយផ្តោតលើអតិថិជនវ័យក្មេង ដែលចូលចិត្តការបើកបរមានកម្លាំងខ្លាំង (performance-minded)។ អតិថិជនបញ្ជាទិញទុកមុន (blind-order) នាពេលបច្ចុប្បន្ន ប្រហែល 70% មានអាយុក្រោម 35ឆ្នាំ ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់ម៉ាកយីហោនេះក្នុងចំណោមអ្នកទិញវ័យក្មេង។

លោកក៏បានបញ្ជាក់ផងដែរថា ខណៈដែលរថយន្ត Lafa 5 ស្តង់ដារនឹងចូលទីផ្សារចិននៅចុងឆ្នាំ 2025 នេះ ខណៈរថយន្ត Lafa 5 Ultra ត្រូវបានគ្រោងសម្រាប់ការដឹកជញ្ជូនក្នុងស្រុកនៅឆមាសទីមួយនៃឆ្នាំ 2026 ដោយនឹងបន្តពង្រីកទៅកាន់ទីផ្សារអន្តរជាតិបន្តបន្ទាប់ទៀត។ ទោះបីជាក្រុមហ៊ុន Leapmotor មិនទាន់បានចេញផ្សាយលក្ខណៈបច្ចេកទេសពេញលេញក៏ដោយ ក៏ប្រភេទ Ultra នេះមានលក្ខណៈពិសេសនៃការកែលម្អផ្នែកខាងក្រៅយ៉ាងសំខាន់។ ការកែលម្អទាំងនេះរួមមានកញ្ចប់ Aerodynamic ពិសេស (ដើម្បីជួយកាត់បន្ថយមេគុណកកិតជាមួយខ្យល់) ដោយបានបំពាក់មកជាមួយកាងនៅផ្នែកមុខនិងនៅផ្នែកខាងក្រោយធំជាងមុន, និងការតុបតែងលម្អរដោយបន្ទះ gloss-black trim។

ទាំងម៉ូឌែលស្តង់ដារ និងម៉ូឌែល Ultra សុទ្ធតែប្រើកង់អាលុយមីញ៉ូមទំហំ 19អុីញ។ ចំពោះផ្ទៃខាងក្នុងនៅតែត្រូវបានរក្សាការសម្ងាត់នៅឡើយ ប៉ុន្តែលោក Cao បានអះអាងពីការប្រើប្រាស់សម្ភារៈស្រដៀងនឹងស្បែក suede យ៉ាងទូលំទូលាយដើម្បីបង្កើតនូវ «អារម្មណ៍នៃភាពខ្លាំងក្លាក្នុងការបើកបរ»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម