Peugeot ទើបតែប្រកាសគំរូឡូហ្គូថ្មី ដោយលើកចុងក្រោយក្រុមហ៊ុនផលិតរថយន្តបារាំងមួយនេះ បានផ្លាស់ប្តូរអត្តសញ្ញាណឡូហ្គូរបស់ខ្លួនគឺនៅឆ្នាំ ២០១០ ដោយជារូបតោ។
សម្រាប់ឡូហ្គូថ្មី Peugeot បានដកខ្លួនរបស់ម៉ាស្កាត(mascot)ចេញ ក្បាលរបស់សត្វតោត្រូវបានពង្រីកអោយធំជាងមុន និងមានការរចនាលម្អិតបន្ថែមទៀត ដែលបង្ហាញពីភាពរឹងមាំជាងសត្វតោនៅលើឡូហ្គូមុន និងមានរូបរាងខែលព័ទ្ធជុំវិញពាក្យ Peugeot និងក្បាលតោ។ ដែលវាស្រដៀងនឹងលំនាំឡូហ្គូដែលត្រូវបានប្រើប្រាស់ដោយ Peugeot នៅទសវត្ស ១៩៦០-១៩៦៥។
ស្រដៀងគ្នាទៅនឹងក្រុមហ៊ុន General Motors និងក្រុមហ៊ុន Kia នៅពេលដែលផ្លាស់ប្តូរឡូហ្គោថ្មីកាលពីដើមឆ្នាំទៅនេះ Peugeot បាននិយាយថាខ្លួនចង់នាំយករូបភាពថ្មី ទៅកាន់ម៉ាក ដែលស្តិតក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ។ បន្ថែមពីនេះក្រុមហ៊ុន Peugeot នឹងបង្កើតនូវរផលិតផលកាន់តែទំនើបជាងមុន និងផ្តោតលើការអភិវឌ្ឍរថយន្តអគ្គិសនីផងដែរ។
ឡូហ្គូថ្មីនេះត្រូវបាន Peugeot បង្ហាញកាលពីឆ្នាំ ២០១៨ លើគំរូរថយន្ត E-Legend។ សម្រាប់រថយន្តដែលរំពឹងទុកថានឹងត្រូវបានបំពាក់ជាមួយឡូហ្គូថ្មីនេះគឺ Peugeot 308 ដែលនឹងបង្ហាញវត្តមាននៅឆ្នាំ ២០២៣។
ចំពោះការបង្ហាញឡូហ្គូថ្មីនេះ ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដំបូងដ៏សំខាន់មួយចាប់តាំងពីក្រុមហ៊ុន Peugeot បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរថយន្ត Stellantis ។ Stellantis គឺជាការសហការគ្នារវាងក្រុមហ៊ុនចំនួន២គឺ FCA និងPSA ដែលមានម៉ាករថយន្តចំនួន ១៤ ត្រូវបានបង្កើតឡើងនៅខែមករាឆ្នាំ ២០២១៕