[ទីផ្សារបរទេស] ស្របពេលដែលការផលិតរថយន្ត R1T កំពុងតែបង្កើនទំហំ និងស្របពេលដែលក្រុមហ៊ុនត្រៀមដឹកជញ្ជូនរថយន្ត R1S ទៅដល់អតិថិជននោះ ពេលនេះក្រុមហ៊ុន Rivian បានបង្ហើបឲ្យដឹងអំពីរថយន្តម៉ូដែលថ្មីដែលគ្រោងប្រកាសចេញក្នុងឆ្នាំ២០២៥។
ការចុះផ្សាយរបស់ AutoGuide.com បានឲ្យដឹងថារថយន្តទីបីរបស់ Rivian នឹងផលិតដោយប្រើប្រាស់គ្រោងឆ្អឹងថ្មីឈ្មោះថា R2 ហើយព័ត៌មានដទៃទៀតអំពីរថយន្តដូចជារថយន្តជាប្រភេទណានោះ នៅមិនទាន់មាននៅឡើយទេ។ Rivian បាននិយាយថាគ្រោងឆ្អឹង R2 គឺជាផ្នែកដ៏សំខាន់មួយនៃអនាគតរបស់ខ្លួន ក្នុងការរីកចម្រើន និងពង្រីកជម្រើសផលិតផលជាមួយតម្លៃច្រើនជម្រើស និងរថយន្តច្រើនប្រភេទ។
ជាមួយការលើកឡើងនេះ គេរំពឹងថារថយន្តថ្មី អាចនឹងមានតម្លៃធូរថ្លៃជាងរថយន្ត R1T ដែលមានតម្លៃចាប់ពី ៦៧ ៥០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក ហើយប្រសិនបើ Rivian ចង់ជោគជ័យរឹតតែខ្លាំងគួរណាបង្កើតរថយន្ត SUV ខ្នាតតូចដើម្បីប្រជែងនឹង Tesla Model Y និង Ford Mustang Mach-E ជាដើម។
អ្វីដែលអាចទៅរួចមួយទៀតគឺ Rivian ប្រហែលជាដាក់គោលដៅប្រកួតប្រជែងនឹងរថយន្តអគ្គិសនី Fisker Pear ដែលជារថយន្តអគ្គិសនីតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ និងអាចចេញលក់លើទីផ្សារត្រឹមឆ្នាំ២០២៤។ យ៉ាងណាក្ដី ប្រសិនបើ Rivian ប្រកាសចេញរថយន្តភីកអាប់ខ្នាតតូចមកប្រជែង Maverick Lightning និង Ranger Lightning ក៏មិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលដែរ៕