[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Rivian បានចែកចាយម៉ូដែល R1T ដំបូងដល់អតិថិជននៅក្នុងខែកញ្ញាឆ្នាំមុន ប៉ុន្តែការកើនឡើងនៃផលិតកម្មមានភាពយឺតយ៉ាវ។ ខណៈពេលនេះ ក្រុមហ៊ុន Rivian មានបំណងបង្កើនការផលិតរថយន្តភីកអាប់ R1T អគ្គិសនីទាំងអស់របស់ខ្លួន ហើយគ្រោងនឹងបង្កើតចំនួន ២០០ គ្រឿងក្នុងមួយសប្តាហ៍។
យោងតាមគេហទំព័រ Bloomberg រាយការណ៍ថា Rivian ជាមធ្យមផលិតបានប្រហែល ៥០ គ្រឿងនៃ R1T ក្នុងមួយសប្តាហ៍រហូតដល់ចុងខែធ្នូ ប៉ុន្តែផលិតកម្មបានធ្លាក់ចុះក្នុងរយៈពេលមួយខែកន្លងមកនេះ ដោយសារការខ្វះបន្ទះឈីប។ ក្នុងនោះ Rivian ក៏ត្រូវជំនះលើបញ្ហាដែលបណ្តាលមកពីការផ្ទុះឡើងនៃ COVID-19 នៅរោងចក្ររបស់ខ្លួននៅ Normal រដ្ឋ Illinois ផងដែរ។
លើសពីនេះ ក្នុងអំឡុងពេលការប្រកាសនៃប្រាក់ចំណូលប្រចាំត្រីមាសដែលបានប្រកាសនាពេលថ្មីៗនេះ Rivian បានបង្ហាញថាខ្លួនផលិតរថយន្តបាន ១,០១៥ គ្រឿង និងចែកចាយបាន ៩២០ គ្រឿងពេញមួយឆ្នាំ ២០២១។ នេះគឺធ្លាក់ចុះបន្តិចលើរថយន្តចំនួននៃផែនការដែលបានគ្រោងទុក ១,២០០គ្រឿង ដែលខ្លួនមានបំណងផលិត។
បញ្ចាក់ផងដែរថា រថយន្តភីកអាប់ R1T មិនមែនជារថយន្តតែមួយគត់ដែល Rivian ផលិតនោះទេ។ ក្រុមហ៊ុនផលិតរថយន្តមួយនេះក៏មានរថយន្ត R1S ប្រភេទ SUV ផងដែរ ហើយខ្លួនក៏សង្ឃឹមថានឹងចាប់ផ្តើមផលិតកម្មសម្រាប់រថយន្តអតិថិជននៅប៉ុន្មានខែខាងមុខនេះផងដែរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្តនិយាយថា រោងចក្រធម្មតារបស់ខ្លួននឹងអាចផលិតរថយន្តអគ្គិសនីបានចំនួន ១៥០,០០០គ្រឿង/ឆ្នាំ នៅឆ្នាំ ២០២៣ ហើយមានផែនការនឹងកើនឡើងដល់ ២០០,០០០ គ្រឿង។ ទន្ទឹមនឹងនេះ Rivian ក៏បានបញ្ជាក់កាលពីខែធ្នូថា ខ្លួននឹងសាងសង់រោងចក្ររថយន្តអគ្គិសនី ក្នុងរដ្ឋ Georgia ដែលអាចគ្រប់គ្រងការផលិតរថយន្តបាន ៤០០,០០០ គ្រឿងក្នុងមួយឆ្នាំ៕