[បរទេស] នាពេលថ្មីៗនេះ នាយកដ្ឋានការងាររបស់សហរដ្ឋអាមេរិកបានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ១ លានដុល្លារ ដល់កម្មករក្នុងរដ្ឋ Texas ដើម្បីផ្តល់ការងារ និងសេវាបណ្តុះបណ្តាលឡើងវិញសម្រាប់ពួក បន្ទាប់ពីត្រូវបានក្រុមហ៊ុនផលិតរថយន្ត Tesla បណ្តេញចេញ។
យោងតាមការជូនដំណឹងរបស់ WARN នៅក្នុងខែមេសា បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Tesla បានបញ្ឈប់កម្មកររបស់ខ្លួនចំនួន ២ ៦៨៨នាក់ នៅឯរោងចក្រ Tesla Gigafactory ក្នុងទីក្រុង Austin រដ្ឋ Texas។ ចំពោះហេតុផលនៃការបញ្ឈប់ការងារ គឺទំនងជាកើតឡើងក្នុងត្រីមាសទី ១ បន្ទាប់ការផលិត និងការចែកចាយរថយន្តរបស់ក្រុមហ៊ុន Tesla មានការធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ លើសពីនេះទៅទៀត ក្រុមហ៊ុន Tesla ផ្ទាល់ក៏បានកាត់បន្ថយចំនួនកម្លាំងពលកម្មទូទាំងពិភពលោកលើសពី ១០ ភាគរយ ផងដែរ។
ស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារការលក់រថយន្តបានត្រឹមតែ ៨៣ មុឺនគ្រឿងប៉ុណ្ណោះក្នុងឆមាសទី ១ នៃឆ្នាំ២០២៤ នេះ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនមួយនេះហាក់ក៏កំពុងចង់ងាកទៅរកការផលិតរថយន្តអុីដ្រូសែនវិញ បន្ទាប់ពិីឃើញសន្ទុះរថយន្តអគ្គិសនីរបស់ប្រទេសចិនកំពុងទទួលបានការគាំទ្រខ្លាំង។
មួយវិញទៀត នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ លោក Elon Musk ប្រធានក្រុមហ៊ុន Tesla ផ្ទាល់បាននិយាយថាក្រុមហ៊ុន Tesla នឹងចាប់ផ្តើមប្រើប្រាស់មនុស្សយន្ត Optimus នៅឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងគោលបំណងផលិតរថយន្តសេរ៊ីខ្ពស់ៗដើម្បីប្រកួតប្រជែងជាក្រុមហ៊ុនផ្សេងទៀតនៅឆ្នាំ២០២៦ ជាពិសេសក្រុមហ៊ុនចិន។