[បរទេស] កាលពីចុងសប្តាហ៍មុន ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានបញ្ជាក់អំពីការផ្លាស់ប្តូរ នឹងចាប់ផ្តើមនាំចេញរថយន្តអគ្គិសនីដែលផលិតក្នុងប្រទេសចិនទៅកាន់អឺរ៉ុប ដោយចាប់ផ្តើមនៅឆ្នាំ ២០២៤។
ដោយក្នុងនោះ បានបញ្ជាក់ថាយីហោម៉ាក Cupra Brand នឹងចាប់ផ្តើមផលិតរថយន្ត Tavascan នៅរោងចក្របណ្តាក់ទុនរួមគ្នារបស់ខ្លួននៅទីក្រុង Anhui ប្រទេសចិន ដែលដំណើរការជាមួយ JAC ។ VW បានកត់សម្គាល់ថា “រោងចក្រ Anhui គឺជារោងចក្រដែលមានសមត្ថភាព និងបច្ចេកវិទ្យាដ៏ត្រឹមត្រូវនៅពេលរៀបចំផែនការផលិតកម្ម”។
ក្នុងការលក់រថយន្តអគ្គិសនីផលិតដោយប្រទេសចិននៅអឺរ៉ុប ក្រុមហ៊ុន Volkswagen នឹងចូលរួមជាមួយក្រុមហ៊ុន Tesla, BMW, និង Renault ដែលធ្វើដូចគ្នានឹងរថយន្ត Model 3, iX3, និង Dacia Spring រៀងៗខ្លួន។ យោងតាមគេហទំព័រ Bloomberg កត់សម្គាល់ថា PwC រំពឹងថាក្រុមហ៊ុនផលិតរថយន្តនឹងលក់រថយន្តចំនួន ៨០០ ០០០ គ្រឿងដែលបានផលិតនៅក្នុងប្រទេសចិននាពេលឆាប់ៗនេះនៅទូទាំងទ្វីបអឺរ៉ុប។
គំរូរថយន្តនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ភ្លាមៗនៅឯពិព័រណ៍ Frankfurt Motor Show ក្នុងឆ្នាំ ២០១៩ ដោយសារផ្នែកខាងមុខរចនាមានរូបរាងកាចដែលគ្របដណ្ដប់ដោយកាបូនហ្វាយបឺ និងកាងបឹតខ្យល់ទំហំធំចំនួន ២ ។ វាក៏បំពាក់នៅចង្កៀងមុខ LED រាងស្រួច និងផ្នែកខាងក្រោយមានស្តុបប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងកាងធ្វើពីកាបូនហ្វាយបឺជាដើម។
Cupra Tavascan ជារថយន្តប្រភេទ SUV អគ្គិសនីនឹងផ្អែកលើគ្រោងឆ្អឹង MEB platform របស់ក្រុមហ៊ុន VW ហើយត្រូវបានគេរំពឹងថានឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣០២ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៦,៥ វិនាទីប៉ុណ្ណោះ។ តួលេខទាំងនេះគឺស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល ID.4 និង ID.5 GTX ៕