
រឿងពន្ធគយក្នុងសម័យកាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានកំពុងជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ដ Volvo ធ្វើមូលដ្ឋានីយកម្មផលិតកម្មតាមតំបន់ ដោយផ្ទេរការផលិតរថយន្តកាន់តែច្រើនទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចផុតពីរឿងពន្ធគយនាំចូល។
ក្រុមហ៊ុនផលិតរថយន្តដែលនាំចូលរថយន្តមកសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ន កំពុងជួបការលំបាកហើយឈឺក្បាលយ៉ាងខ្លាំង ជាក់ស្ដែងដូចជាក្រុមហ៊ុន Volvo បានលក់រថយន្តនៅអាមេរិករាប់ទសវត្សរ៍មកហើយ ប៉ុន្តែស្ទើរតែ ៩០% ហើយរថយន្តដែលខ្លួនលក់នៅទីនោះសុទ្ធតែផលិតនៅតំបន់អឺរ៉ុប។ ដើម្បីរក្សាទីផ្សាររបស់ខ្លួននៅសហរដ្ឋអាមេរិក ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះកំពុងងាកបង្កើនការវិនិយោគទ្វេដងលើរោងចក្ររថយន្ដរបស់ខ្លួននៅរដ្ឋ South Carolina ជាមួយនឹងផែនការផលិតរថយន្តកាន់តែច្រើននៅលើទឹកដីអាមេរិក។
គិតត្រឹមពេលនេះ រថយន្តអគ្គិសនីសុទ្ធ EX90 គឺជាតែមួយគត់ដែលក្រុមហ៊ុន Volvo ផលិតនៅក្នុងស្រុក។ លោក Hakan Samuelsson នាយកប្រតិបត្តិក្រុមហ៊ុន Volvo បានបង្ហើបថា៖«ម៉ូដែលបន្ទាប់គួរតែមានទាំងកំណែទម្រង់ថ្មី mild-hybrid និង plug-in hybrid ដែលមានន័យថាវាទំនងជាអាចជាម៉ូដែល XC60 ឬ XC90»។
ចំពោះរថយន្តប្រភេទ Wagon ឬ Sedan គឺមិនសូវទទួលបានការគាំទ្រទេនៅអាមេរិក បើក្រឡេកមើលរថយន្តណាដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក ច្រើនជាងគេគឺជារថយន្ដប្រភេទ SUV ណាមួយ។ នេះជាអ្វីដែលលោក Samuelsson បានប្រាប់ទស្សនាវដ្តី Auto News ។
ខណៈពេលនេះលោក Samuelsson មិនបានផ្តល់តម្រុយណាមួយអំពីពេលដែលក្រុមហ៊ុន Volvo នឹងសម្រេចចិត្តថានឹងផលិតម៉ូដែលថ្មីមួយណាទៀតនៅអាមេរិកនោះ លោកបានលើកឡើងពីផែនការនឹងទៅទស្សនាសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាជាមួយតំណាងចែកចាយ និងស្វែងយល់ថាម៉ូដែលណាដែលសមស្របបំផុត។
រឿងពន្ធគយរបស់រដ្ឋបាលលោក Trump ក៏កំពុងជះឥទ្ធិពលដល់យុទ្ធសាស្ត្រលក់របស់ក្រុមហ៊ុន Volvo ផងដែរ។ ឆ្នាំក្រោយ ក្រុមហ៊ុន Volvo មានគម្រោងបញ្ឈប់ការលក់រថយន្តប្រភេទ S90 sedan នៅអាមេរិក ដោយសារតែរថយន្ដនេះត្រូវបាននាំចូលពីប្រទេសចិន ជំនួសមកវិញ ពួកគេនឹងផ្តោតលើម៉ូដែលពេញនិយមជាងរបស់ពួកគេដូចជា XC40, XC60, និង XC90 ជាដើម។
ខណៈពេលដែលក្រុមហ៊ុន Volvo កំពុងធ្វើការលើម៉ូដែលបន្ទាប់ដែលនឹងផលិតនៅសហរដ្ឋអាមេរិក លោក Samuelsson ក៏បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងការជំរុញរថយន្តអគ្គិសនីសុទ្ធ EX90 ដោយមានក្តីសង្ឃឹមជំរុញការលក់រថយន្តដែលកំពុងផលិតរួចហើយនៅរដ្ឋ South Carolina ឲ្យកើនឡើង៕