ក្រុមហ៊ុន Xiaomi នឹងផលិតឡានតផ្ទាល់ខ្លួន នៅឆ្នាំ ២០២៤

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បាននិយាយនៅថ្ងៃអង្គារទី ១៩ ខែតុលានេះថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះ នឹងផលិតរថយន្តផ្ទាល់ខ្លួនក្នុងចំនួនច្រើន នៅឆមាសទីមួយ នៃឆ្នាំ ២០២៤។

ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នៃវិនិយោគិនមួយ ហើយត្រូវបានរាយការណ៍ជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រោយមកត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនផ្ទាល់។

លោក Zang Ziyuan នាយកផ្នែកទីផ្សារអន្តរជាតិរបស់ Xiaomi ក៏បានបង្ហោះព័ត៌មាននេះនៅលើគណនី Weibo ផ្លូវការ របស់លោកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានកើនឡើង ៥,៤ ភាគរយ ដល់ ២២,៥ ដុល្លារហុងកុង ដែលជាការកើនឡើងភាគរយប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីថ្ងៃទី ១២ ខែឧសភា ដោយបន្តកើនឡើងជាប់ៗគ្នាលើកទី ៣។

កាលពីខែមីនា ក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួននឹងប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារអាមេរិក នៅក្នុងផ្នែករថយន្តអគ្គិសនីថ្មី ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ក្រុមហ៊ុនក៏បានបញ្ចប់ការចុះបញ្ជីអាជីវកម្ម នៃផ្នែករថយន្តអគ្គិសនីរបស់ខ្លួននៅចុងខែសីហា ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម