ក្រុមឡាន Ford Territory Club Cambodia (FTCC) នាំយកសម្ភារៈសិក្សា និងថវិកាចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាកងមាស

នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសារ Ford Territory Club Cambodia (FTCC) និងមានការចូលរួមពីសប្បុរសជនទូទៅ បានរៀបចំកម្មវិធីសប្បុរសធម៍លើកទី១ ដោយនាំយកនូវ សម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាកងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សរុបចំនួន ២៥០នាក់ ដោយម្នាក់ៗទទួលបាន ៖

  • កាតាប ១
  • សៀវភៅសរសេរ ៣ ក្បាល
  • ខ្មៅដៃ ៣ ដើម
  • ប៊ិច ១ ដើម
  • ខួងខ្មៅដៃ ១
  • ជ័រលុប ១ ដុំ
  • បន្ទាត់ ១ ដើម
  • ក្ដារឆ្នួន ១ ឈុត
  • នំ ១ កញ្ចប់
  • វីតាមីន C ១០ គ្រាប់
  • ស្បែកជើង ១ គូរ

លើសពីនេះ ដោយបានឃើញពីការលំបាករបស់ក្មួយស្រី ០២នាក់ ត្រូវធ្វើដំណើរផ្លូវឆ្ងាយជិត១០គីឡូម៉ែត្រដើម្បីឆ្ពោះមកសាលារៀនជារៀងរាល់ថ្ងៃ សមាជិកក្រុមគ្រួសារ FTCC ក៏សម្រេចមូលមតិគ្នា ជូនបន្ថែមកង់ចំនួន ០២ គ្រឿងទៅដល់ក្មួយស្រីទាំង ០២នាក់។ ក្រុមគ្រួសារ FTCC យើងក៏មានថវិកាជូនដល់លោកគ្រូ អ្នកគ្រូចំនួន ០៥នាក់ និងលោកមេភូមិកងមាស ០១នាក់ ជាទឹកប្រាក់ ៥០,០០០រៀល សម្រាប់ម្នាក់ៗ សរុប ៣០០,០០០រៀល និងអាវយឺត អាវភ្លៀង ក៏ដូចជាប្រគេនបច្ច័យតេយ្យទានព្រះសង្ឃដែលគង់នៅវត្តក្បែរសាលាកងមាស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងឱកាសនោះផងដែរ ក្រុមយើងក៏បានបង្កើតជាសកម្មភាព ការដាំកូនឈើនៅតាមទីធ្លាសាលារៀន ដើម្បីលើកស្ទួយបរិស្ថាន។ លោកស្រីនាយិកាសាលាបានថ្លែងអំណរគុណដល់ក្រុមគ្រួសារ FTCC និងសប្បុរសជនទាំងអស់ ដែលបានផ្ដល់ជាអំណោយដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាកងមាស ដែលកំពុងជួបការលំបាក និងខ្វះខាត។ លោកស្រីនាយិកាសាលាបានប្រសិទ្ធិពរជ័យជូនដល់សមាជិកក្រុម និងសប្បុរសជនទាំងអស់ជួបតែ សេចក្ដីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម