
មនុស្សគ្រប់គ្នាដឹងហើយថា រថយន្តអគ្គិសនីមិនបញ្ចេញឧស្ម័នកាបូនិចនោះទេ ព្រោះវាមិនប្រើឥន្ធនៈដើម្បីដុតចំហេះម៉ាសុីនឲ្យដំណើរការនោះទេ។ ជាមួយគ្នាក៨មានការសិក្សាមួយចំនួនបានបង្ហាញថា រថយន្តដែលមិនបញ្ចេញផ្សែងពុល (Zero-emission cars) អាចជួយកែលម្អគុណភាពខ្យល់អាកាសនៅក្នុងតំបន់ទីប្រជុំជនបាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ការសិក្សាទាំងនោះមិនទាន់មានលក្ខណៈច្បាស់លាស់ដាច់ខាតនៅឡើយទេ។
ប៉ុន្តែនៅពេលនេះ ការសិក្សាថ្មីមួយពីសាលាវេជ្ជសាស្ត្រ Keck នៃសាកលវិទ្យាល័យ Southern California (USC) បានប្រើប្រាស់ទិន្នន័យពីផ្កាយរណប ដើម្បីបញ្ជាក់ថា រថយន្តដែលមិនបញ្ចេញផ្សែងពុល ពិតជាមានឥទ្ធិពលវិជ្ជមាន ហើយជួយដល់គុណភាពខ្យល់ពិតប្រាកដមែន។

បើយោងការសិក្សាថ្មីៗនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី The Lancet Planetary Health ដោយបានដកស្រង់ទិន្នន័យផ្កាយរណបកម្រិតច្បាស់ពីឧបករណ៍ត្រួតពិនិត្យស្រទាប់បរិយាកាស (TROPOMI) អាចរកឃើញទិន្ន័យឧស្ម័នអាសូតឌីអុកស៊ីតនៅក្នុងបរិយាកាស តាមរយៈការវាស់ស្ទង់ពីរបៀបដែលឧស្ម័ននេះស្រូបយក និងជះពន្លឺព្រះអាទិត្យត្រឡប់មកវិញ (យោងតាមគេហទំព័រ Phys.org)។ បន្ទាប់មក ទិន្នន័យនេះត្រូវបានប្រើដើម្បីគណនាកម្រិតមធ្យមប្រចាំឆ្នាំនៃឧស្ម័នអាសូតឌីអុកស៊ីត នៅក្នុងសហគមន៍នីមួយៗនៃរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។
ទន្ទឹមនឹងនោះ ទិន្នន័យសាធារណៈពីនាយកដ្ឋានយានយន្តរបស់រដ្ឋ ក៏ត្រូវបានយកមកបញ្ចូលក្នុងការព្យាករណ៍នេះដែរ ជាពិសេសគឺចំនួនរថយន្តដែលមិនបញ្ចេញផ្សែងពុល (ZEVs) ត្រូវបានចុះបញ្ជីនៅក្នុងសហគមន៍នីមួយៗ។ សូមរំលឹកថា រថយន្តចាត់ទុកថាមិនបញ្ចេញផ្សែងពុលរួមមាន៖ រថយន្តប្រើអគ្គិសនី (BEVs), រថយន្ត Plug-in Hybrid (PHEVs) និងរថយន្តប្រើអុីដ្រូសែន (Fuel-cell cars)។
បើក្រឡេកទៅមើលទិន្នន័យពីបន្ទាប់ពីមានការចុះបញ្ជីរថយន្តមិនបញ្ចេញផ្សែងពុលថ្មីចំនួន ២០០ គ្រឿង នៅក្នុងសហគមន៍មួយនៃរដ្ឋកាលីហ្វ័រញ៉ា ចន្លោះឆ្នាំ ២០១៩ និង ២០២៣ កម្រិតឧស្ម័នអាសូតឌីអុកស៊ីត បានធ្លាក់ចុះ ១.១%។ យោងតាមអ្នកនិពន្ធការសិក្សានេះ ជាមធ្យមក្នុងសហគមន៍នីមួយៗបានកើនឡើងរថយន្តមិនបញ្ចេញផ្សែងពុល ចំនួន ២៧២ គ្រឿង ដោយសហគមន៍ភាគច្រើនមានការកើនឡើងចន្លោះពី ១៨ ទៅ ៨៣៩ គ្រឿង។ ក្នុងអំឡុងពេលនៃការសិក្សានេះ ចំណែកទីផ្សាររថយន្តមិនបញ្ចេញផ្សែងពុល បានកើនឡើងពី ២% ដល់ ៥% នៃរថយន្តធុនស្រាលទាំងអស់ទូទាំងរដ្ឋកាលីហ្វ័រញ៉ា។
ដើម្បីធានាថា លទ្ធផលដែលទទួលបានមានភាពជឿជាក់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវបានចាត់វិធានការប្រុងប្រយ័ត្នបន្ថែមជាច្រើន ដូចជាការដកចេញនូវទិន្នន័យឆ្នាំ ២០២០ ទាំងស្រុង ដើម្បីកុំឲ្យការប្រែប្រួលដែលបង្កឡើងដោយសារជំងឺរាតត្បាត (ការផ្អាកធ្វើដំណើរក្នុងសម័យកូវីដ) ក្លាយជាកត្តាដែលធ្វើឲ្យយល់ច្រឡំថាជាការធ្លាក់ចុះនៃឧស្ម័នអាសូតឌីអុកស៊ីត។ ពួកគេក៏បានបញ្ជាក់ផងដែរថា សហគមន៍ណាដែលមានការកើនឡើងនូវរថយន្តប្រើសាំងកាន់តែច្រើន សហគមន៍នោះក៏ឃើញមានការកើនឡើងនូវការបំពុលខ្យល់អាកាសផងដែរ។ ចុងក្រោយ លទ្ធផលដែលទទួលបានពីទិន្នន័យផ្កាយរណប ត្រូវបានយកមកផ្ទៀងផ្ទាត់ឡើងវិញ ដោយប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាពពីឧបករណ៍ត្រួតពិនិត្យនៅលើដីផ្ទាល់ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣៕



















