
ក្រុមហ៊ុន MG បានប្រកាសថាការបញ្ជាទិញទុកមុនសម្រាប់រថយន្ត MG4 ជំនាន់ថ្មីបានកើនឡើងលើសពី ២០ ០០០ គ្រឿង ខណៈការដាក់លក់ជាផ្លូវការដែលគ្រោងទុកដំបូងនៅខែកញ្ញា ត្រូវបានរំកិលមកធ្វើនៅថ្ងៃទី ២៩ ខែសីហាវិញ។
សម្រាប់ការបើកបញ្ជាទិញទុកមុនរថយន្ត MG4 បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែសីហា ជាមួយតម្លៃចាប់ពី ១០ ៣០០ ដល់ ១៤ ៧០០ ដុល្លារ។ រថយន្ត MG4 រក្សារូបរាងប្រភេទ Hatchback និងប្រើប្រាស់ការរចនាឡើងវិញ ក្រោមការដឹកនាំរបស់លោក Shao Jingfeng ជាប្រធានអ្នករចនានៅក្រុមហ៊ុន SAIC Motor និងជាអគ្គនាយកនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាចក្រភពអង់គ្លេស។
ប្រព័ន្ធកម្សាន្តដែលបានបង្កើតឡើងដោយសហការគ្នារវាងក្រុមហ៊ុន SAIC និង Oppo អនុញ្ញាតឲ្យធ្វើសមាហរណកម្មជាមួយទូរស័ព្ទស្មាតហ្វូនបានយ៉ាងពេញលេញ អាចគ្រប់គ្រងមាតិកាទូរស័ព្ទតាមរយៈអេក្រង់កម្សាន្ដរបស់រថយន្ត។ រថយន្ត MG4 ប្រើប្រាស់បច្ចេកវិទ្យាបញ្ចូលថ្ម CTB (Cell-to-Body) របស់ក្រុមហ៊ុន SAIC ។
MG4 ដំណើរដោយម៉ូទ័រអគ្គិសនី Synchronous អាចផលិតកម្លាំងបាន ១២០ kW បំពាក់មកជាមួយនឹងកញ្ចប់អាគុយ Lithium Iron Phosphate។ រថយន្ត MG4 ម៉ូឌែល Anxin Edition នឹងប្រើប្រាស់ថ្មប្រភេទ Semi-Solid-State ដោយព័ត៌មានលម្អិតនឹងត្រូវប្រកាសក្នុងពេលដាក់លក់ជាផ្លូវការ។ រថយន្តនេះអាចសាកថ្មពី ៣០% ទៅ ៨០% ក្នុងរយៈពេលប្រហែល ២០នាទី។ សាកថ្មមួយពេញបើកបានចម្ងាយ ៥៣០គីឡូម៉ែត្រនិងមានកម្រិតសុីថាមពល ១០,៤ kWh ក្នុង ១០០ គីឡូម៉ែត្រ។
ដោយឡែក ក្រុមហ៊ុន Vivo បានប្រកាសថាមុខងារ “សោររថយន្តឌីជីថល” OriginOS របស់ខ្លួន ឥឡូវនេះអាចប្រើបានជាមួយរថយន្ត MG ដោយចាប់ផ្តើមពី MG4 ជំនាន់ថ្មី។ ប្រព័ន្ធនេះអនុញ្ញាតឱ្យទូរស័ព្ទស្មាតហ្វូនដែលត្រូវគ្នាអាចដោះសោរ និងបញ្ឆេះរថយន្តបាន ដោយគ្រាន់តែប៉ះទូរស័ព្ទទៅនឹងរថយន្ត៕