បន្ទាប់ពីប្រឡងយកបណ្ណបើកបរបានជាប់ជាស្ថាពរទាំងទ្រឹស្តី និងដៃចង្កូត ហើយទទួលបានបណ្ណបើកបរ គឺមានសិទ្ធិបើកបររហូតដល់អាយុ ៦៥ឆ្នាំ។ បើអ្នកកាន់បណ្ណបើកបរ មានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ក៏នៅតែត្រូវបានអនុញ្ញាតឲ្យបើកបរបានផងដែរ ប៉ុន្តែត្រូវពិនិត្យសុខភាព និងប្តូរបណ្ណបើកបរដែលមានរយៈពេល ២ឆ្នាំម្តង។

យោងតាមមាត្រា៤២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម បង្ហាញឲ្យដឹងថា សុពលភាពនៃប្រភេទបណ្ណបើកបរ មានរយៈពេលដូចខាងក្រោម៖
១. បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ មានសុពលភាពរយៈពេល ១០ឆ្នាំ។
២. បណ្ណបើកបរប្រភេទ គ ឃ និង ង មានសុពលភាពរយៈពេល ៥ឆ្នាំ។
៣. អ្នកកាន់បណ្ណបើកបរ ត្រូវសុំប្តូរបណ្ណបើកបរមុនអស់សុពលភាព ដោយភ្ជាប់មកជាមួយ ដោយភ្ជាប់មកជាមួយនូវលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថា អាចបើកបរបាន។ ការមិនបានមកប្តូរបណ្ណបើកបរថ្មី ត្រូវទទួលការពិន័យ។
ការពិនិត្យសុខភាព ត្រូវមានលិខិតបញ្ជាក់ថាអាចបើកបរបានពីគ្រូពេទ្យុនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលត្រូវកំណត់ដោយក្រសួងសុខាភិបាល៕





















