ក្រោយប្រតិបត្តិការអាជីវកម្មជិត ៣ទសវត្ស! Mitsubishi Motor សម្រេចចិត្តលាទីផ្សារប្រទេសចិន

[បរទេស] ជាមួយដំណើរយ៉ាងលំបាកលំបិនក្នុងឆ្នាំ​២០២៥នេះ ជាមួយការធ្លាក់ចុះប្រាក់ចំណេញនៃអាជីវកម្មរបស់ខ្លួនផង និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តរបស់ប្រទេសចិន បានបង្ខំអោយក្រុមហ៊ុន Mitsubishi Motors សម្រេចចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិនជាផ្លូវការ ក្រោយប្រតិបត្តិការអាជីវកម្មជិត ៣ទសវត្សនៅក្នុងទីផ្សារមួយនេះ ដោយមានទាំងការផលិតរថយន្ត និងការផ្គត់ផ្គង់ម៉ាស៊ីនដល់ក្រុមហ៊ុនចិនផ្សេងៗទៀត។

កាលពីដើមខែនេះ ក្រុមហ៊ុន Mitsubishi បានប្រកាសថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Shenyang Aerospace Mit. Engine Mfg. Ltd (SAME) ដែលទទួលបន្ទុកផលិតម៉ាស៊ីនសម្រាប់រថយន្ត Mitsubishi ក៏ដូចជារថយន្តរបស់ម៉ាកយីហោចិនមួយចំនួនទៀត ខណ:ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះបានដំណើរការតាំងពីឆ្នាំ១៩៩៨។ ចំណែកការផលិតរថយន្តវិញ នៅឆ្នាំ២០២៣ ក្រុមហ៊ុន Mitsubishi បានដកខ្លួនចេញពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា GAC។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណ:ការសហការគ្នានេះបានយ:ពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ ពោលចាប់ផ្តើមក្នុងឆ្នាំ២០១២។ ហើយកំឡុងពេលសហការគ្នានេះ ឆ្នាំ២០១៨ ការលក់ប្រចាំឆ្នាំបានកើនឡើងដល់ ១៤៤ ០០០គ្រឿង ដោយរថយន្ត Outlander ជាម៉ូដែលពេញនិយមជាងគេ។ ប៉ុន្តែការលក់បានធ្លាក់ចុះដល់ត្រឹម ៣៣ ៦០០គ្រឿងវិញ គិតត្រឹមខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Mitsubishi បានរាយការណ៍ថានៅត្រីមាសទី១ ឆ្នាំនេះប្រាក់ចំណេញសរុបរបស់ខ្លួន ដែលធ្លាក់ចុះរហូតដល់ ៨៤ភាគរយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម