[បរទេស] ខណៈតម្លៃប្រេងសាំងកំពុងហក់ឡើង ក្រុមហ៊ុន Toyota កំពុងជួយសង្គ្រោះអតិថិជនខ្លួន ដោយបានធ្វើការបញ្ចេញនូវរថយន្ត Toyota Corolla Cross Hybrid សេរ៊ីឆ្នាំ២០២៣ ជាផ្លូវការ ជាមួយការឌីស្សាញឡើងជាមួយតម្លៃសមរម្យ និងសន្សំសំចៃ។
រថយន្ត Toyota Corolla Cross Hybrid សេរ៊ីឆ្នាំ២០២៣ ត្រូវបានផលិតឡើងនៅឯរោងចក្រ Mazda Toyota Manufacturing ក្នុងទីក្រុង Huntsville រដ្ឋ Alabama។
Toyota បានផ្តល់អោយរថយន្តនេះចំនួន ៥ប្រភេទគឺ LE, XLE, S, SE និង XSE។ សម្រាប់ម៉ូឌែលឆ្នាំ២០២៣នេះ វាទទួលបាននូវការអភិវឌ្ឍដូចជា បានបំពាក់ស្តង់ដាមកជាមួយអេក្រង់កម្សាន្តទំហំ ៨អ៊ីងភ្ជាប់ដោយមុខងារឥតខ្សែ Apple Carplay, Android Auto និង 4G Wifi បន្ថែមជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.០ ស្តង់ដាដែលមានមុខងារដូចជា Adaptive Cruise Control, Automatic Emergency Braking with Pedestrian Detection និង Lane-keep Assist with Lane Centering។
Toyota ពុំទាន់បញ្ជាក់អោយស៊ីជម្រៅសម្រាប់ព័ត៌មានមួយចំនួននៃរថយន្តកូនកាត់មួយនេះនៅឡើយនេះទេ ដោយរង់ចាំជិតដល់ពេលចេញលក់ផ្លូវការ ប៉ុន្តែក៏បានបញ្ជាក់ថាវានឹងដំណើរការដោយប្រព័ន្ធ Hybrid ជំនាន់ទី៥ និងប្រព័ន្ធបបើកបរ AWD ព្រមទាំងមានថាមពលសរុប ១៩៤សេះ ច្រើនជាងម៉ូឌែលធម្មតាចំនួន ២៥សេះ និងអាចរត់ស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេល ៨វិនាទី និងមានកម្រិតស៊ីសាំងជាមធ្យមចំនួន ៦,៣លីត្រ/១០០គ.ម។
ចំណែឯតម្លៃក៏ដូចគ្នាដែរ ពុំទាន់បញ្ជេញនៅឡើយនេះទេ ប៉ុន្តែគេរំពឹងថាវានឹងមានតម្លៃថ្លៃជាម៉ូឌែលធម្មតា ដោយចាប់ផ្តើមពី ២៥ ០០០ដុល្លារ៕