ខ្មែរជិតមានរោងចក្រផលិតរថយន្តហើយ! រដ្ឋាភិបាលកម្ពុជា សម្រេចយកខេត្តពោធិ៍សាត់ ជារោងចក្រផលិតរថយន្ត Ford

(ពោធិ៍សាត់)៖ យោងតាមទំព័រហ្វេសបុក Pursat Provincial Hall និងគេហទំព័រ រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការបង្ហាញនូវព័ត៌មានអំពីកិច្ចប្រជុំពិភាក្សាលើគម្រោងវិនិយោគលើរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ដែលមានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈកម្មវិធី Zoom។

ជាមួយកិច្ចប្រជុំពិភាក្សាលើគម្រោងនៃការវិនិយោគលើរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford នេះ បានបង្ហាញថារោងចក្រនេះស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះនឹងផលិតរថយន្ត Ford Ranger និងរថយន្ត Ford Everest ដោយអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញពីអារម្មណ៍រំភើបក្រៃលែង ដោយលោកបានមានប្រសាសន៍ថា” ពិតជាមហាកិត្តិយសក្រៃលែង! ក្រោមម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូពិសេសសម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក”។

 

បន្ថែមពីនេះក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមទទួលយក ព្រមទាំងចូលរួមទៅតាមលទ្ធភាព ជាមួយនឹងការតម្លើងរោងចក្រនេះ។ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរ ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង និងនិយាយដោយឡែក នៅក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម