ក្រុមហ៊ុន Maserati បានប្រកាសអំពីតម្លៃផ្លូវការរបស់រថយន្ត Maserati MC20 ឆ្នាំ២០២១ សម្រាប់ទីផ្សារប្រទេស អូស្ត្រាលី និងញូហ្សែលែន។ សម្រាប់ទីផ្សារប្រទេស អូស្ត្រាលី MC20 មានតម្លៃ ៣១០ ៦២៩ដុល្លារ រីឯទីផ្សារប្រទេសញូហ្សែលែន មានតម្លៃ ២៥៧ ៣៦១ដុល្លារ។ ក្រោយពេលដែលបានបញ្ចេញតម្លៃរួចមក ទាំងពីរប្រទេសបានប្រាប់ថាលក់ដាច់អស់ទៅហើយ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនលក់នោះទេ។
ជាមួយនឹងតម្លៃ ៣១០ ៦២៩ដុល្លារ បានធ្វើអោយ MC20 ទទួលបានការគាំទ្រខ្លាំង និងឈានមុខគេ ក្នុងលំដាប់រថយន្ត Supercar ប្រភេទម៉ាស៊ីនមធ្យម។ ជាក់ស្តែងដូចជា Lamborghini Huracan Evo មានតម្លៃចាប់ពី ៣២៥ ៥៦៦ដុល្លារ រីឯ Ferrari F8 មានតម្លៃចាប់ពី ៣៤៣ ៥៩៨ដុល្លារ និង McLaren 720S តម្លៃ ៣៤៦ ៥១២ដុល្លារ។
រថយន្ត Maserati MC20 ឆ្នាំ២០២១ បានបំពាក់ជាមួយម៉ាស៊ីន ៣,០ Bespoke twin-turbocharged ៦ស៊ីឡាំង ប្រើប្រព័ន្ធ Dual Injection និង F1-inspired ប្រើប្រាស់ប៉ូស៊ីភ្លោះ (twin-spark plugs) ផ្តល់នូវកម្លាំង ៦២១សេះ កម្លាំងរមួល ៧៣០ញ៉ូតុនម៉ែត្រ តិចជាង រថយន្ត Huracan Evo ៩សេះ។ រថយន្តបំពាក់មកជាមួយប្រអប់លេខអូតូ ៨វគ្គ Dual-clutch បញ្ជូនកម្លាំងទៅកង់ក្រោយ តាមរយៈប្រព័ន្ធគ្រប់គ្រងប៉ុង Limited-slip ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតិចជាង ២,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង៕